(តូរ៉ុនតូ)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយប្រទេសកាណាដា និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតដើម្បីរឹតបន្តឹងបន្ថែមទៀតលើប្រាក់ចំណូលពីថាមពលរបស់ទីក្រុងម៉ូស្គូតាមរយៈការដាក់កំណត់តម្លៃលើប្រេងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Yellen ខណៈថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាថា៖ «យើងកំពុងនិយាយអំពីការកំណត់តម្លៃដែលនឹងពង្រឹងការរឹតបន្តឹងថាមពលនាពេលថ្មីៗនេះ និងដែលបានស្នើឡើងដោយអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងផ្សេងទៀត ដែលនឹងជំរុញឱ្យតម្លៃប្រេងរបស់រុស្ស៊ីធ្លាក់ចុះ និងធ្វើឱ្យប្រាក់ចំណូលរបស់លោក ពូទីន ធ្លាក់ចុះ ខណៈពេលដែលអនុញ្ញាតឱ្យមានប្រេង និងការផ្គត់ផ្គង់ប្រេងកាន់តែច្រើនទៀតចូលក្នុងទីផ្សារពិភពលោក»។
លោកស្រី Yellen បានបន្ថែមថា៖ «យើងគិតថា ការកំណត់តម្លៃក៏ជាមធ្យោបាយសំខាន់មួយផងដែរក្នុងការទប់ស្កាត់ផលប៉ះពាល់ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងតស៊ូជាមួយនឹងការចំណាយខ្ពស់លើអាហារ និងថាមពល»។
លោកស្រី Yellen បាននិយាយថា ការកំណត់តម្លៃគឺជាការកំណត់ដ៏មានប្រសិទ្ធភាពមួយដែលអាចសម្រេចបានតាមរយៈយន្តការមួយដើម្បីរឹតបន្តឹង ឬហាមឃាត់ការធានារ៉ាប់រង ឬការផ្តល់ហិរញ្ញប្បទានសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ីលើសពីបរិមានជាក់លាក់មួយ។
សហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងប្រទេសមួយចំនួនទៀតបានហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី ប៉ុន្តែសហភាពអឺរ៉ុបនៅតែពឹងផ្អែកខ្លាំងលើប្រេងឆៅរបស់រុស្ស៊ីនៅឡើយ។
នៅពេលអ្នកកាសែតសួរថាតើប្រធានាធិបតីអាមេរិកលោក Joe Biden មានគម្រោងស្វែងរកការឯកភាពគ្នាលើផែនការតម្លៃប្រេងនៅឯកិច្ចប្រជុំកំពូលមេដឹកនាំរបស់ក្រុមប្រទេស G7 នៅប្រទេសអាឡឺម៉ង់នៅសប្តាហ៍ក្រោយឬអត់នោះ លោកស្រី Yellen ថ្លែងថា៖ «យើងសកម្មខ្លាំងណាស់។ យើងកំពុង ធ្វើការយ៉ាងសកម្មលើបញ្ហានេះជាមួយដៃគូរបស់យើង»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាលោកស្រី Chrystia Freeland បានថ្លែងថា ប្រទេសកាណាដា «គិតថា វាពិតជាគំនិតល្អ» ដើម្បីព្យាយាមដាក់កំណត់ប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី ប៉ុន្តែលោកស្រីទទួលស្គាល់ថា នេះនឹងជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសនៅអឺរ៉ុប។
លោកស្រី Freeland បានមានប្រសាសន៍ថា៖ «ផ្លូវឆ្ពោះទៅមុខនៅទីនេះគឺពិតជាត្រូវនិយាយជាមួយដៃគូអឺរ៉ុបរបស់យើង ហើយដើម្បីទទួលស្គាល់ថា ពួកគេសំខាន់ប៉ុណ្ណាក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅទីនេះ»។ លោកស្រីបន្ថែមថា ប្រទេសអ៊ុយក្រែនក៏ចាំបាច់ត្រូវបញ្ចូលក្នុងការសម្រេចចិត្តណាមួយផងដែរ។ នេះ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕