(វៀងចន្ទន៍)៖ សមាជិកសភារបស់ប្រទេសឡាវកាលពីថ្ងៃចន្ទបានអនុម័តលើការតែងតាំងប្រធានធនាគារកណ្តាលថ្មី និងឧបនាយករដ្ឋមន្ត្រីពីររូប ស្របពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងជួបប្រទះកង្វះប្រាក់បម្រុងរូបិយប័ណ្ណបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ Lao News Agency ថា អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bounleua Sinxayvoravong ត្រូវបានតែងតាំងជាទេសាភិបាលថ្មីនៃធនាគារកណ្តាលឡាវ ដោយបានចូលកាន់តំណែងនៅពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងទទួលរងឥទ្ធិពលនៃការកើនឡើងអតិផរណាពិភពលោក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារកណ្តាលឡាវកាលពីថ្ងៃចន្ទក៏បានដាក់ចេញច្បាប់ថ្មីដែលតម្រូវឱ្យធនាគារពាណិជ្ជ និងបញ្ជរប្តូរប្រាក់ដាក់កម្រិតដល់ការលក់រូបិយប័ណ្ណបរទេសប្រចាំថ្ងៃត្រឹមចំនួន ១៥លានគីប (ប្រហែល ១ ០០២ដុល្លារ) ក្នុងមនុស្សម្នាក់ផងដែរ។
កាសែត Laotian Times របស់ប្រទេសឡាវបានរាយការណ៍ថា ធនាគារពាណិជ្ជក៏នឹងត្រូវបានតម្រូវឱ្យផ្តល់អាទិភាពដល់ស្ថាប័ននានាដែលទិញ «ប្រេងឥន្ធនៈ ថ្នាំពេទ្យ ឬទំនិញសំខាន់ៗផ្សេងទៀតដែលនាំចូលពីបរទេស»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Saleumxay Kommasith និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោកឧត្តមសេនីយ៍ឯក Vilay Lakhamfong បានចូលកាន់តួនាទីបន្ថែមជាឧបនាយករដ្ឋមន្ត្រី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា រដ្ឋសភាក៏បានអនុម័តលើការតែងតាំងប្រធានថ្មីៗនៅក្នុងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថាប័នសវនកម្មរដ្ឋផងដែរ៕