(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីបញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដោយអនុលោមតាមអនុសាសន៍ របស់អង្គការពិភពលោក ខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាព ក្នុងការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វ របស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេសតួកគី។
សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «យោងលិខិតលេខ ៨៧២ អរ.កបទ.សអ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង កំណត់ទូតលេខ Z-2022/10605253/34526256 ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់ស្ថានទូតសាធារណរដ្ឋតួកគី នៅភ្នំពេញ ស្តីពីបញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិតនៅប្រទេសតួកគី»។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការរឹតត្បិតមុខទំនិញនាំចូល មកប្រទេសតួកគី ដោយសារមានការព្រួយបារម្ភ អំពីជំងឺមាត់ និងដៃ-ជើង ដែលកើតឡើងចំពោះសត្វ នឹងអាចឆ្លងមកកាន់មនុស្ស។
លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យប្រទេសតួកគី មានការរឹតត្បិតនូវទំនិញមួយចំនួន ដែលអាចទាក់ទងទៅនឹងជំងឺនេះ ដូចជា៖ ផលិតផលទាក់ទងនឹងទឹកដោះ និង Cream សម្រាប់មនុស្សបរិភោគ, ផលិតផលកែច្នៃពីសាច់សត្វ, ស្បែកសត្វ ដែលយកមកធ្វើជាស្បែកជើង និងកាបូប -ល-, រោមសត្វ សម្រាប់ធ្វើជាសំលៀកបំពាក់ និងគ្រឿងក្នុងសត្វ សម្រាប់មនុសុ្សបរិភោគ។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ការជូនដំណឹង នេះ ធ្វើឡើងជាទូទៅ មិនមែនសំដៅតែចំពោះប្រទេសកម្ពុជានោះទេ។ លោកថា ការជូនដំណឹងនេះ គឺជាការជូនដំណឹង សម្រាប់ទីផ្សារនាំចេញទាំងអស់ ហើយកម្ពុជាក៏ជាចំណែកមួយ ក្នុងទីផ្សារនាំចេញផងដែរ។
ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការរឹតត្បិតនេះ មិនបានធ្វើឲ្យប៉ះពាល់ ដល់ការនាំចេញរបស់កម្ពុជា ទៅប្រទេសតួកគីនោះទេ ដោយសារតែទំហំការនាំចេញកម្ពុជាទៅតួកគី មានទំហំតិចនៅឡើយ ហើយក្នុងនោះ ការនាំចេញសាច់សត្វ ទៅប្រទេសតួកគី ក៏មិនមានច្រើនដែរ។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រយៈពេល៥ ខែ ឆ្នាំ២០២២នេះ ការនាំចេញកម្ពុជា ទៅកាន់តួកគី មានចំនួន១០,៥២២,២៤៨ដុល្លារ កើនឡើង៦៩.៧៦% និងការនាំចូលទំនិញ ពីតួកគីវិញ មានចំនួន៧,០០៧,៨៦៨ដុល្លារ ថយចុះ១៤.១១%៕