(បាងកក)៖ ប្រជាជននៅក្នុងប្រទេសថៃ កំពុងប្រឈមនឹងការទូទាត់វិក្កយបត្រអគ្គិសនីកាន់តែថ្លៃជាងមុន ដោយសារតែពន្ធថាមពល នឹងត្រូវកើនដល់តម្លៃខ្ពស់មិនធ្លាប់មានគឺ ៤.៤បាត ក្នុង១គីឡូវ៉ាត់-ម៉ោង នៅចន្លោះខែកញ្ញា-ធ្នូ ឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkok នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ពន្ធថាមពលខាងលើ គឺវារាប់បញ្ចូលទាំងពន្ធគោល ហើយនិងពន្ធឥន្ធនៈ ខណៈមូលហេតុចម្បង ដែលបណ្តាលឱ្យវាមានការកើនឡើងខ្ពស់យ៉ាងដូច្នេះ គឺដោយសារតម្រូវការបន្ថែម នៃការនាំចូលឧស្ម័នរាវធម្មជាតិ (LNG) ដែលមានតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្នបម្រើជា ឥន្ធនៈដ៏សំខាន់សម្រាប់ការផលិតអគ្គិសនី នៅក្នុងប្រទេសថៃ។
បើតាមអាជ្ញាធរថាមពលថៃ តម្លៃពន្ធឥន្ធនៈ គឺកំណត់ដោយតម្លៃរបស់ឥន្ធនៈផ្ទាល់ ហើយស្របពេលដែលការអូសបន្លាយ នៃសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែននៅតែបន្ត តម្លៃឥន្ធនៈគ្រប់ប្រភេទក៏កំពុងតែបន្តកើនឡើងដូចគ្នា។ ពន្ធឥន្ធនៈនេះ ត្រូវបានដំឡើងដោយសន្សឹមៗ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្នងផ្ទះ និងអាជីវកម្មរបស់ប្រជាជន។
សម្រាប់ចន្លោះខែឧសភា-សីហា ពន្ធឥន្ធនៈកើនក្នុងតម្លៃ០.៤៧បាត ក្នុង១គីឡូវ៉ាត់-ម៉ោង ដែលជាហេតុនាំឱ្យពន្ធថាមពលសរុបថ្លៃ ៤បាតក្នុង១គីឡូវ៉ាត់-ម៉ោង។ រីឯសម្រាប់ចន្លោះខែកញ្ញា-ធ្នូវិញ ពន្ធឥន្ធនៈត្រូវគេរំពឹងថា នឹងបន្តកើន០.៤បាត ក្នុង១គីឡូវ៉ាត់-ម៉ោងទៀត ពន្ធឥន្ធនៈអាចនឹងបន្តកើនឡើងយ៉ាងដូច្នេះ ជារៀងរាល់៤ខែម្តង។
គួរបញ្ជាក់ថា ឧស្ម័នគ្របដណ្តប់ប្រមាណជា ៦០ភាគរយ នៃឥន្ធនៈដែលត្រូវបានប្រើប្រាស់ សម្រាប់ការផលិតអគ្គិសនីនៅក្នុងប្រទេសថៃ។ ដោយឡែក ការថយចុះនៃការផ្គត់ផ្គង់ឧស្ម័ន ពីប្រភពធនធានក្នុងស្រុក នៅឯឈូងសមុទ្រថៃ បានតម្រូវឱ្យអាជ្ញាធរថៃ ធ្វើការនាំចូលឧស្ម័ន LNG បន្ថែមពីបរទេស៕