(ភ្នំពេញ)៖ លោកបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានចែករំលែក និងផ្ដល់នូវចំណុចសំខាន់ចំនួន៧ចំណុច ដល់សាធារណជន មុនសម្រេចចិត្តទិញអចលនទ្រព្យ។
ការចែករំលែកបទពិសោធន៍សំខាន់ៗ របស់លោកបណ្ឌិត អៀង សុធារ៉ា ធ្វើឡើងក្នុងឱកាសធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ និងសំណង់ ក្នុងគន្លងប្រក្រតីថ្មី នាចុងសប្តាហ៍កន្លងទៅនេះ។
លោកបណ្ឌិត អៀង សុធារ៉ា លើកឡើងថា «មុននឹងទិញអចលនទ្រព្យសាធារណជន គួរពិនិត្យលើចំណុចំនួន៧រួមមាន ១៖ ទីតាំងពាក់ព័ន្ធនឹងការចំណាយ, ២៖ គុណភាព សោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់, ៣៖ បរិស្ថានសហគមន៍, ៤៖ ស្ថានភាពផ្លូវច្បាប់, ៥៖ពិនិត្យកិច្ចសន្យា, ៦៖ ប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ ម្ចាស់អ្នកវិនិយោគ ៧៖រកព័ត៌មានផ្សេងៗ»។
លោកបញ្ជាក់ថា សម្រាប់ទីតាំងនៃអចលនទ្រព្យជារឿងសំខាន់បំផុត និងត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះទីតាំងល្អងាយស្រួលក្នុងការវិនិយោគ ការជ្រើសរើសទីតាំងត្រឹមត្រូវ ជាការវិនិយោគដ៏ឆ្លាតវៃ។ សំខាន់មួយទៀតនោះយើងទាំងអស់គ្នា ត្រូវចេះមើលនូវគុណភាពនៃអចលនទ្រព្យ មុនសម្រេចចិត្តទិញផ្ទះ ត្រូវពិនិត្យឲ្យបានម៉ត់ចត់ ពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងបន្ទប់ស្នាក់នៅ មើលលើស្ថានភាពទឹកភ្លើង ផ្លូវដើម ត្រូវទិញអចលនទ្រព្យ ដែលមានហេដ្ឋរចនាសម្ព័ន្ធគ្រប់ទាំងអស់។
លោកបានបន្ថែមថា ប្អូនៗជំនាន់ក្រោយមានឱកាសច្រើនណាស់ ក្នុងការវិនិយោគលើអចលនទ្រព្យត្រឹមត្រូវ បានជួយដល់សេដ្ឋកិច្ចជាតិជាច្រើន ព្រោះអចលនទ្រព្យជាគ្រឹះសសរស្ដម្ភនៃសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា សម្រាប់ប្អូនដែលចង់រកស៊ីលើវិស័យអចលនទ្រព្យ បញ្ឈប់នូវគំនិតមួយថា ទាល់តែមានលុយទើបអាចរកស៊ីអចលនទ្រព្យបាន ចំពោះការរកស៊ីអចលនទ្រព្យផ្ដើមមកដោយបាត់ដៃទទេ ប៉ុន្ដែអ្នករកស៊ីអចលនទ្រព្យបានសិក្សាស្វែងយល់ និងដឹងពីកាលៈទេសៈ ស្ថានភាពដែលត្រូវវិនិយោគ និងវិនិយោគបានប្រាក់ចំណេញ៕