(បាងកក)៖ អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនបានយល់ព្រមឱ្យមានការប្រកាសប្រទេសទាំងស្រុកជាតំបន់បៃតង (Green Zone) ហើយ ដែលអាជីវកម្មនិងសកម្មភាពផ្សេងទៀតអាចបន្តឡើងវិញ ប្រហែលជាចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ថា CCSA បានយល់ព្រមទៅនឹងសំណើរបស់ក្រសួងសុខាភិបាលសាធារណៈថៃហើយ។ ក្រុមមន្ត្រីត្រូវបានរំពឹងថានឹងធ្វើការងារឯកសារលម្អិតដើម្បីអនុញ្ញាតឱ្យមានតំបន់បៃតងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកក្កដាទៅ។
លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា ប្រជាពលរដ្ឋទូទៅនឹងអាចដោះម៉ាស់បាននៅពេលដែលពួកគេនៅកន្លែងបើកចំហរ និងអំឡុងពេលធ្វើសកម្មភាព ឬការងារផ្សេងៗដែលជាធម្មតាមិនចាំបាច់ពាក់ម៉ាស់។
ការទទួលទានគ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាននឹងវិលត្រលប់ទៅកាន់សភាពមុនមានការរាតត្បាតជំងឺកូវីដវិញ ប៉ុន្តែវិធានការគ្រប់គ្រងជំងឺនឹងនៅតែត្រូវបានអនុវត្តដដែល។ ការរឹតបន្តឹងក៏នឹងបញ្ចប់សម្រាប់កន្លែងកម្សាន្ត និងការដឹកជញ្ជូនពលករចំណាកស្រុកផងដែរ។
ការស្គែនកម្តៅនឹងមិនចាំបាច់ទេ លើកលែងតែតំបន់ដែលមានហានិភ័យ ឬផ្ទុះជំងឺ។ ការធ្វើតេស្តរកអង់ទីហ្សែននឹងត្រូវបានតម្រូវឱ្យធ្វើតែនៅកន្លែងប្រមូលផ្តុំមនុស្សច្រើនជាង ២ពាន់នាក់ ឬសម្រាប់អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមប៉ុណ្ណោះ ហើយការប្រើប្រាស់ Thai Pass ក៏ប្រហែលជាបញ្ចប់ដែរ។
លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងស្រុកកំពុងមានភាពប្រសើរឡើង ហើយកំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្រោយសម័យកូវីដថ្ងៃទី១ ខែកក្កដា។
លោកបន្តថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា មានភ្ញៀវបរទេសចំនួន ៣៤៨ ៦៩៩នាក់ ដែលចំនួនច្រើនជាងគេគឺមកពីម៉ាឡេស៊ី (៦១ ៤៨៦), ឥណ្ឌា (៥១ ៨០០), សិង្ហបុរី (៣១ ៥៨០), វៀតណាម (១៨ ៨៨៥) និងអាមេរិក (១៥ ៧០៨)៕