(ប៉េកាំង)៖ ប្រទេសចិនបានផាកពិន័យអ្នកលក់ទំនិញអនឡាញម្នាក់ចំនួន ១៦ លានដុល្លារពីបទគេចវេសបង់ពន្ធ ដែលជាការដាក់ទោសទណ្ឌចុងក្រោយបំផុតទៅលើអ្នកលក់អនឡាញល្បីៗឈ្មោះក្នុងប្រទេសនេះក្នុងគ្រាដែលមានការបង្ក្រាបទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលពន្ធដាររដ្ឋថា លោក Xu Guohao ដែលផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម Momo ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ១០៨លានយ័ន (១៦លានដុល្លារ) សម្រាប់ការបង់ពន្ធសងវិញ ថ្លៃបង់ពន្ធយឺតយ៉ាវ និងការផាកពិន័យសម្រាប់ការគេចពន្ធចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងទៀតថា រដ្ឋបាលពន្ធដារគ្រោងពង្រឹងការត្រួតពិនិត្យពន្ធដារបន្ថែមទៀតទៅលើអ្នករកស៊ីក្នុងឧស្សាហកម្មផ្សាយបន្តផ្ទាល់នេះ។
ប្រទេសចិនបានបង្កើនការអនុវត្តច្បាប់ពន្ធដារនៅក្នុងវិស័យលក់ទំនិញផ្សាយបន្តផ្ទាល់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដើម្បីគាំទ្រដល់យុទ្ធនាការវិបុលភាពរួមរបស់លោកប្រធានាធិបតី Xi Jinping ។ ភ្លែតហ្វមផ្សាយបន្តផ្ទាល់ ត្រូវបានតម្រូវឱ្យប្រមូលពន្ធលើប្រាក់ចំណូល និងផ្តល់របាយការណ៍រួមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលល្បីៗតាមបណ្តាញសង្គមទៅឱ្យអាជ្ញាធរមូលដ្ឋានរៀងរាល់ប្រាំមួយខែម្តង។ នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅក្នុងខែមីនា។
អ្នកលក់ទំនិញផ្សាយបន្តផ្ទាល់ដ៏ល្បីឈ្មោះបំផុតម្នាក់របស់ប្រទេសចិនឈ្មោះ Huang Wei ដែលគេស្គាល់ថា Viya ត្រូវបានផាកពិន័យ ២១០លានដុល្លារកាលពីខែធ្នូ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមក នាងបានបាត់ខ្លួនពីសាធារណៈ។ លោក Li Jiaqi ដែលជាអ្នកលក់កំពូលម្នាក់ទៀតនៅក្នុងឧស្សាហកម្មដែលធ្លាប់តែរីកចម្រើននោះ ក៏បានបាត់ខ្លួនពីអ៊ីនធឺណិតភ្លាមៗផងដែរ។ មានការប៉ាន់ស្មានថា គាត់បានល្មើសការហាមឃាត់ការផ្សព្វផ្សាយដោយសារបានបង្ហាញនំដែលមានរាងដូចរថគ្រោះមុនពេលខួបនៃការសម្លាប់រង្គាលនៅទីលានធានអានមេនក្នុងឆ្នាំ១៩៨៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕