(បាងកក)៖ ក្រសួងឧស្សាហកម្មថៃបានឱ្យដឹងថា ការធ្លាក់ចុះថ្លៃប្រាក់បាតត្រូវបានរំពឹងថានឹងជំរុញសេដ្ឋកិច្ចថៃ និងបង្កើនផលិតផលក្នុងស្រុកសរុបពិត ០,៤% ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនផលិតកម្មទាំងអស់នឹងទទួលបានអត្ថប្រយោជន៍នោះទេ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ឧស្សាហកម្មនានាដូចជា ដែកថែប ថ្នាំពេទ្យ និងប្រេង ដែលពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម និងមានការនាំចេញតិចតួច នឹងប្រឈមនឹងបន្ទុកពីការធ្លាក់ចុះថ្លៃប្រាក់បាត។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Suriya Jungrungreangkit បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុនផលិតនឹងជួបប្រទះលទ្ធផលផ្សេងៗគ្នា នៅពេលដែលតម្លៃប្រាក់បាតធ្លាក់ចុះ ប៉ុន្តែជារួម សេដ្ឋកិច្ចថៃនឹងទទួលបានអត្ថប្រយោជន៍។

ប្រាក់បាតបានធ្លាក់ចុះថ្លៃដល់ ៣៤,៤៦បាតធៀបនឹងប្រាក់ដុល្លារអាមេរិកនៅថ្ងៃទី៧ ខែមិថុនា ពី ៣៣,៣៨បាតនៅថ្ងៃទី៣០ ខែធ្នូឆ្នាំមុន។ ការធ្លាក់ចុះនេះបានធ្វើឱ្យការនាំចេញរបស់ថៃមានតម្លៃថោក ប៉ុន្តែវត្ថុធាតុដើមដែលនាំចូលបានឡើងថ្លៃជាង។

លោក Thongchail Chawalitpichaet អគ្គនាយកនៃការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម (OIE) បានលើកឡើងពីការគណនាដោយផ្អែកលើគំរូម៉ាក្រូសេដ្ឋកិច្ចថា ប្រសិនបើតម្លៃប្រាក់បាតធ្លាក់ចុះ ៥% GDP ពិត នឹងកើនឡើង ០,៤%។

GDP ពិត គឺជារង្វាស់នៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីកាត់កងអតិផរណារួច។

យោងតាមគំរូគណនានេះ ជាមួយនឹងកម្រិតធ្លាក់ថ្លៃនេះ តម្លៃនាំចេញគិតជាប្រាក់បាតនឹងកើនឡើង ២,១៤% ខណៈដែលតម្លៃនាំចូលនឹងកើនឡើងត្រឹមតែ ១,៩៤% ហើយការប្រើប្រាស់នឹងកើនឡើង ០,២១% ហើយការវិនិយោគនឹងកើនឡើង ០,៣១% ដោយសារតែក្រុមហ៊ុនផលិតដែលទទួលបានអត្ថប្រយោជន៍ពីការនាំចេញបន្ថែមនឹងទទួលបានប្រាក់ចំណូលខ្ពស់ជាងនេះ។

ប៉ុន្តែក្រុមហ៊ុនផលិតដែលមានការនាំចូលវត្ថុធាតុដើមខ្ពស់ និងការនាំចេញផលិតផលទាបចាំបាច់ត្រូវដំណើរការអាជីវកម្មដោយប្រុងប្រយ័ត្ន ខណៈតម្លៃប្រាក់បាតធ្លាក់ចុះ។

លោក Thongchai បានថ្លែងបន្តថា៖ «ពួកគេត្រូវអនុវត្តការគ្រប់គ្រងហានិភ័យសមស្រប ដើម្បីទប់ទល់នឹងការប្រែប្រួលរូបិយប័ណ្ណដោយបង្កើតកិច្ចសន្យាប្តូរប្រាក់អនាគត និងអុបហ្សិនអត្រាប្តូរប្រាក់បរទេស»៕