(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (Hong Kong Economic and Trade Office - HKETO) នៃតំបន់រដ្ឋបាលពិសេសហុងកុង ដឹកនាំដោយលោក Sheung-yeun Lee។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ និង បានថ្លែងកោតសរសើរចំពោះសមាគមពាណិជ្ជកម្មអាណិកជនចិនហុងកុង និងម៉ាកាវនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមនិងជំរុញការបណ្តាក់ទុន វិនិយោគនៅកម្ពុជា និងចូលរួមចំណែក ក្នុងការបំពេញកាតព្វកិច្ច។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ល្អរវាងអគ្គនាយកដ្ឋានពន្ធដារនិងសភាពាណិជ្ជកម្ម ចិន (កម្ពុជា) និង សមាគមពាណិជ្ជកម្មអាណិកជនចិនហុងកុង និងម៉ាកាវនាពេលកន្លងមក ដែលកង្វល់និងបញ្ហាផ្សេងៗ ដែលបានជួបប្រទះតែងតែត្រូវបានយកមកពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ-សមាគមពាណិជ្ជកម្មអាណិកជនចិនហុងកុងនិងម៉ាកាវនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា ត្រូវបានបង្កើតឡើង តាមរយៈ ប្រកាសលេខ ៤៦៩ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាតាមរយៈ «គំនិតផ្តួចផ្តើមនៃគម្រោងខ្សែ ក្រវាត់និងវិថី ឬខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រ (Belt and Road Initiative - BRI or Silk Road Economic Belt)» ជាយន្តការនៃការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិនិង បណ្តាញទំនាក់ទំនងពហុភាគី បានជំរុញឱ្យកម្ពុជា-ចិនសម្រេចបាននូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះក៏មានក្នុងក្របខណ្ឌរដ្ឋបាលសារពើពន្ធផងដែរ។

គួររំលឹកផងដែរថា ក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី (BRI) នេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាចូលជាសមាជិកស្ថាបនិក (Founding Member) និងសមាជិកពេញសិទ្ធ (Full member) នៃ «យន្តការ សហប្រតិ បត្តិ ការ រដ្ឋបាលសារពើពន្ធនៃ គំនិតផ្តួចផ្តើម នៃ គម្រោង ខ្សែ ក្រ វាត់ និង វិថី (Belt and Road Initiative Tax Cooperation Mechanism - BRITACOM» ចាប់តាំងពីឆ្នាំ២០១៩។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាការងារ៖

* ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អនុលោមតាមច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងប្រកាសលេខ ៧៤១ សហវ.ប្រក ស្តីពី វិធាន និងនីតិវិធីសម្រាប់អនុវត្តពន្ធលើប្រាក់ចំណូល និងពន្ធអាករនានាទាក់ទិននឹងសកម្មភាព កាត់ដេរ និងតម្រឹមរបស់គម្រោងវិនិយោគមាន លក្ខណ:សម្បត្តិគ្រប់គ្រាន់ និងក្នុងន័យរក្សាការវិនិយោគ ដែលមានស្រាប់ និងជំរុញទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកក្នុងព្រះរាជាណាចក្រកម្ពុជា

* បានពិភាក្សាអំពីកិច្ចជំរុញវិនិយោគពី ហុងកុង មកវិនិយោគ បន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

* រោងចក្រ-សហគ្រាសមានសកម្មភាព កាត់ ដេរ និង តម្រឹម (CMT) ដែលទទួលបាន គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) នឹងទទួលបានការលើកទឹកចិត្ត ក្នុងក្របខណ្ឌវិស័យនេះ។ ប៉ុន្តែ ក្រុមហ៊ុនមួយ ចំនួន ដែលទទួលបាន លក្ខណសម្បត្តិជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ពុំទាន់បានអនុវត្ត តាម ច្បាប់ និង បទប្បញ្ញត្តិស្ដីពីពន្ធដារ ត្រឹមត្រូវនៅឡើយទេ។

* អគ្គនាយកដ្ឋានពន្ធដារនឹង បន្តផ្ដល់កិច្ចសហការជាមួយក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សមាគមពាណិជ្ជកម្មអនិកជនចិនហុងកុង និងមាកាវនៅ ព្រះរាជាណាចក្រកម្ពុជា និង សមាគមពាណិជ្ជកម្ម ហុងកុង នៅ កម្ពុជា ក្នុងការដោះស្រាយ បញ្ហា ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារតាមរយៈយន្តការជួបពិភាក្សគ្នា ដោយ ផ្ទាល់ឬតាមរយៈយន្ដការ នៃក្រុមការងារនេះ

* អគ្គនាយកដ្ឋានពន្ធដារបាន និងបន្តផ្ដល់កិច្ចសហការ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងបណ្ដុះបណ្ដាលដល់ សហគ្រាស-រោងចក្រ ទាំងឡាយ ដែលក្នុងនោះ ក្នុងវិស័យកាត់ដេរ និង តម្រឹម (CMT) នេះ ក្នុងគោលដៅពង្រឹងអនុលោមភាពសារពើពន្ធ និងការផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ។ ជារួម អគ្គនាយកដ្ឋានពន្ធដារមិនចង់ដាក់ពិន័យនិង ទោសទណ្ឌទៅលើក្រុមហ៊ុននោះទេ ប៉ុន្តែចង់ឱ្យ ក្រុមហ៊ុនទាំងអស់មានកម្រិត អនុលោមភាពខ្ពស់។

* កិច្ចព្រម ព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា- ហុងកុងបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាកត្កាជួយជំរុញការវិនិយោគបន្ថែម នៅកម្ពុជាអគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅធ្វើឱ្យច្បាប់ ស្តីពីសារពើពន្ធថ្មីនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក៏ដូចជាប្រមូលផ្តុំនូវច្បាប់ស្តីពីសារពើពន្ធដែលកន្លងមកមានលក្ខណៈដាច់ដោយឡែកៗពីគ្នា ហើយសេចក្តីព្រាងថ្មីនេះគឺដើម្បីឱ្យមានសង្គតិភាពជាមួយនឹងច្បាប់ស្តីពីវិនិយោគថ្មី ។

ជំនួបពិភក្សានេះបានបញ្ចប់ ដោយទទួលបានលទ្ធផល ជាទីមោទនៈ ក្រោមស្មារតីកិច្ចសហប្រតិបត្តិការនិងទទួលខុសត្រូវខ្ពស់ ដោយបានបំភ្លឺនិងដោះស្រាយនូវបញ្ហាប្រឈមដែលជាកង្វល់របស់វិនិយោគិន និងសមាគម ហើយនេះ គឺជាវប្បធម៌មួយនៃការពង្រឹងនូវភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និង វិស័យឯកជនផងដែរ៕