(ភ្នំពេញ)៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦.៦%។ នេះបើតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សារាចរណែនាំ បានគូសបញ្ជាក់ថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ទន្ទឹមនេះ, ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទោះជាយ៉ាងនេះក្ដី, ផលប៉ះពាល់នៃសង្គ្រាមនេះ មកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុ ថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរ មានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ ដោយការសម្រេចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឲ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ ជាមូលដ្ឋានសំខាន់សម្រាប់ការ បើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។
អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន៖ អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។
វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់១.១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្ដងើបឡើងវិញសន្សឹមៗ។ អនុវិស័យចិញ្ចឹមសត្វរំពឹងថា មានកំណើនរង្វង់១.០%, អនុវិស័យដំណាំ រំពឹងថា មានកំណើន១.៦% និងអនុវិស័យនេសាទរំពឹងថា មានកំណើនក្នុងអត្រា០.៦%។
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩.២% ក្នុងឆ្នាំ២០២៣ ដែលកំពុងវិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន ៨.១%, អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ ១៣.៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧.២%។
វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រា៦.៦% ក្នុងឆ្នាំ២០២៣ ដោយសារងើបឡើងវិញ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការបន្ដនិន្នាការកើនឡើង នៃអនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន៖ អនុវិស័យលកដុំ-លក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រំពឹងថា មានកំណើន ២៣.៤%, អនុវិស័យលកដុំ-លក់រាយ រំពឹងថា មានកំណើន៦.៧%, អនុវិស័យអចលនទ្រព្យ រំពឹងថា មានកំណើន៥.២% និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា មានកំណើនក្នុងអត្រា ៧.១%។
ក្នុងឆ្នាំ២០២២ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់ ៥.០% ដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ២.៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។
អត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣៕