(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងថាមពលសហរដ្ឋអាមេរិកកំពុងលក់ប្រេងរហូតដល់ ៤៥លានបារ៉ែលពីស្កុកប្រេងបម្រុងយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃការប្រកាសកន្លងមករបស់រដ្ឋាភិបាលលោក Joe Biden ក្នុងការបញ្ចេញប្រេងច្រើនបំផុតមិនធ្លាប់មានពិស្តុក។
ក្រសួងថាមពលអាមេរិកបានឱ្យដឹងថា ការចែកចាយប្រេងឆៅពីការលក់ប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្ត (SPR) នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែសីហារហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
រដ្ឋាភិបាលរបស់លោក Biden បានឱ្យដឹងកាលពីចុងខែមីនាថា ខ្លួននឹងបញ្ចេញប្រេងចំនួន១ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំមួយខែពីស្កុកបម្រុងនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការបញ្ចេញប្រេងលក់ពីស្តុកនេះមានគោលបំណងជួយគ្រប់គ្រងតម្លៃប្រេងដែលបានឡើងថ្លៃបន្ទាប់ពីប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំមួយក្នុងពិភពលោកបានឈ្លានពានប្រទេសអ៊ុយក្រែន និងខណៈដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។
តម្លៃតម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងខ្ពស់ចាប់តាំងពីការប្រកាសអំពីការបញ្ចេញប្រេងពីស្តុករបស់លោក Biden នៅថ្ងៃទី៣១ ខែមីនាមក ដោយជួញដូរក្នុងតម្លៃខ្ពស់ពី ១២០ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងតម្លៃប្រេងនេះបានកើតមានឡើងនៅពេលដែលក្រុមប្រទេសផលិតប្រេងពិភពលោកមួយចំនួនបានកាត់បន្ថយការផលិតកប្រេង ខណៈពេលដែលប្រទេសប្រើប្រាស់ប្រេងដែលងើបចេញពីជំងឺរាតត្បាតជំរុញតម្រូវការប្រេងឥន្ធនៈ។
ក្រុមមន្ត្រីរដ្ឋាភិបាលងាមេរិកបាននិយាយថា តម្លៃប្រេងអាចខ្ពស់ជាងនេះ ប្រសិនបើមិនមានការបញ្ចេញប្រេងពីស្តុកបម្រុង។ ប៉ុន្តែការបញ្ចេញប្រេងពីស្តុកនេះ ក៏បានជំរុញកម្រិតនៃស្តុកបម្រុងធ្លាក់ចុះដល់ចំណុចទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៧មក ដោយបង្កើនក្តីបារម្ភកាន់តែខ្លាំងអំពីការកើតមានទីផ្សារប្រេងពិភពលោកដ៏តឹងតែង បើទោះបីជាសហរដ្ឋអាមេរិកមានស្តុកប្រេងច្រើនជាងតម្រូវការក្រោមកិច្ចព្រមព្រៀងអន្តរជាតិក៏ដោយ។
ក្រសួងថាមពលអាមេរិកបានឱ្យដឹងទៀតថា កិច្ចសន្យាប្រេងពីការលក់ប្រេងស្តុកប្រេងយុទ្ធសាស្រ្តកន្លងមក ដែលបានប្រកាសកាលពីនៅថ្ងៃទី២៤ ខែឧសភា ត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនចំនួន៩ រួមទាំង ក្រុមហ៊ុន Valero ក្រុមហ៊ុនExxon Mobil និងក្រុមហ៊ុន Marathon Petroleum៕ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕