(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីខួបគម្រប់២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយរយៈពេល២ឆ្នាំមកនេះ មានក្រុមហ៊ុនជិត១.៥ម៉ឺនមកចុះបញ្ជី ទំហំដើមទុនសរុប ៤ ៦៧០លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

មកទល់នឹងពេលបច្ចុប្បន្ន, ការរៀបចំប្រព័ន្ធនេះ មាន២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ អស់រយៈពេល២ឆ្នាំកន្លងមក គឺរាប់ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

ដំណាក់កាលទី១នេះ គឺជាការចុះបញ្ជីជាខ្សែច្រវាក់ជាមួយក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្នុងករណីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

រីឯដំណាក់កាលទី២ ដែលត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ដោតលើការផ្ដល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

រយៈពេល២ឆ្នាំកន្លងមកនេះ គឺជាឆ្នាំដែលប្លែកខុសពីឆ្នាំផ្សេងទៀត ដោយសារវត្តមាននៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានបង្កឲ្យមានការឆ្លងរាតត្បាតនៅទូទាំងសកលលោក។ ជំងឺនេះ បានជះឥទ្ធិពលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរមកលើសង្គម-សេដ្ឋកិច្ច និងសុខភាពសាធារណៈ ដែលជាហេតុធ្វើឲ្យខ្សែច្រវ៉ាក់ផលិតកម្ម និងចរន្តសេដ្ឋកិច្ចសកលមានភាពរអាក់រអួល។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺនេះ ក៏បានបង្កឲ្យមានការផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ និងការធ្វើការផងដែរ ជាពិសេសការកាត់បន្ថយការជួបគ្នាដោយផ្ទាល់។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយវិបត្តិ ឲ្យទៅជាកាលានុវត្តភាព តាមរយៈការបញ្ជ្រាបបន្ថែមនូវការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់អ្នកទទួលសេវា និង អ្នកផ្ដល់សេវា ក្នុងការផ្ដល់សេវាសាធារណៈឌីជីថល ប្រកបដោយប្រសិទ្ធភាព និង តម្លាភាពខ្ពស់។

ជាក់ស្ដែង ការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ បានចាប់ផ្ដើមមានភាពតានតឹង ដែលតម្រូវឲ្យកម្ពុជាសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងដាក់បម្រាមគោរចរជាបន្តបន្ទាប់ នៅខែមេសា និងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានអនុញ្ញាតឲ្យធុរជន អាចចុះបញ្ជីអាជីវកម្មជាប្រក្រតី ពីទីកន្លែងណាក៏បាន តាមអនឡាញទាំងស្រុង ហើយមន្ត្រីត្រួតពិនិត្យឯកសារ នៅតែអាចបន្តធ្វើការបានជាធម្មតា ដោយពុំធ្វើឲ្យអាក់ខានការងារនោះទេ ។

ការធ្វើទំនើបកម្មសេវាសាធារណៈមួយនេះ អាចប្រព្រឹត្តទៅបាន ដោយមានថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (ឬហៅកាត់ថា CamDX) ជាឆ្អឹងខ្នងនៃប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញ នូវអនុក្រឹត្យលេខ ១៦៤ អនក្រ.បក ស្ដីពីការផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា កាលពីចុងខែសីហា ឆ្នាំ២០២១ កន្លងទៅ ។

ទន្ទឹមនេះ យន្តការផ្ដល់មតិយោបល់ ក៏បានដាក់ឲ្យប្រើប្រាស់ជាសាធារណៈផងដែរ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីទទួលមតិកែលម្អការប្រើប្រាស់ប្រព័ន្ធឲ្យកាន់តែប្រសើរឡើង។ លើសពីនេះ និង ជាមោទនភាពជាតិផងនោះ, ប្រព័ន្ធចុះបញ្ជីអាជីវកម្មរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ និងត្រូវបានយកទៅពិភាក្សាក្នុងកម្មវិធីជាច្រើន ទាំងលើឆាកជាតិ និងអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ ដល់ប្រទេសដទៃទៀត ពីដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជាផងដែរ។

គូសបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្កានេះ ដែលបច្ច័យនេះ គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការ យកចិត្តទុកដាក់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យ និងមានការចូលរួមយ៉ាងពេញទំហឹងពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមគាំទ្រ និង ផ្ដល់មតិរិះគន់ដើម្បីស្ថាបនារបស់ធុរជន និង សាធារណជនទាំងអស់។ ក្នុងពេលដ៏ខ្លីខាងមុខនេះ, ការងារដំណាក់កាលទី៣ នឹងលេចចេញជារូបរាងឡើង៕