(ភ្នំពេញ)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រៀងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា អនុវិស័យធានារ៉ាប់រងបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី «តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក រស់ សីលវ៉ា បានបញ្ជាក់ដូច្នេះថា «សម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ អនុវិស័យធានារ៉ាប់រង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អនុវិស័យនេះមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងអភិវឌ្ឍប្រែក្លាយជាវិស័យសក្តានុពលមួយ ក្នុងឧស្សាហកម្មហិរញ្ញវត្ថុ»។
លោកបានបន្ដថា ទោះបីមានការបន្ទច់បង្អាក់ពីវិបត្តិជំងឺកូរីដ១៩ យ៉ាងណាក្ដី ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះបុព្វលាភដុល និងទ្រព្យសកម្មសរុប សម្រាប់ប្រភេទហានិភ័យគ្រប់ប្រភេទ សុទ្ធតែមានការកើនឡើង នូវទំហំទឹកប្រាក់របស់ខ្លួន។ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសសមាជិកអាស៊ាន ភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា នៅមានកម្រិតទាបនៅឡើយ ដែលការណ៍នេះឆ្លុះបញ្ចាំងថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែបន្តមានសក្តានុពល ក្នុងការអភិវឌ្ឍ និងរីកចម្រើន។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងសកម្មភាពធានារ៉ាប់រងអាយុជីវិតវិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំនេះបង្ហាញពី ការនិន្នាការ២មាន៖
១៖ ការកើនឡើងនៃការយល់ដឹងជាវិជ្ជមាន ចំពោះការធានារ៉ាប់រងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមគ្រួសារ ដែលមានចំណូលមធ្យម។
២៖ ការចាប់ផ្តើម និងបង្កើនការផ្តល់សេវាបែបឌីជីថល ពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រង តាមរយៈការវិនិយោគ និងការខិតខំបង្កើនប្រសិទ្ធភាពផ្តល់សេវា។
លោកបានបញ្ជាក់ថា ជាមួយគ្នានេះតម្រូវការធានារ៉ាប់រងអាយុជីវិត ដែលកំពុងកើនឡើង ក៏ត្រូវបានជំរុញដោយការកើនឡើងការយល់ដឹងទូទៅ ក្នុងចំណោមសាធារណជន តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ ពីសំណាក់វិស័យសាធារណៈ និងឯកជន ស្របពេលការយល់ដឹង របស់សាធារណជន បាននិងកំពុងមានការផ្លាស់ប្តូរជាវិជ្ជមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក៏កំពុងបង្កើនការយកចិត្តទុកដាក់ ជាមួយនឹងនិន្នាការផ្លាស់ប្តូរនេះដែរ។
ទោះបីវិស័យធានារ៉ាប់រងកំពុងរីកចម្រើន និងមានសក្តានុពលយ៉ាងណាក្ដី បច្ចេកវិទ្យាធានារ៉ាប់រងនៅកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវបញ្ហាប្រឈមរួមមាន៖ កង្វះខាតនូវក្របខណ្ឌបទបញ្ញត្តិ ក្នុងការគ្រប់គ្រងលើអាជីវកម្មធានារ៉ាប់រងបែបឌីជីថល កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងបរិស្ថានសាកល្បង និងបណ្ដាញអ៊ីនធឺណិត នៅតំបន់ជនបទ កង្វះខាតនូវការគាំទ្រពីតួអង្គនានា ក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថល របស់ប្រជាជន នៅមានកម្រិតទាបនៅឡើយ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា ការរៀបចំសិក្ខាសាលាស្ដីពី «តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» បានចូលរួមបង្កើតកាលានុវត្តភាពដ៏សំខាន់ ក្នុងការស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅពីអន្ដរកម្មរវាងវិស័យធានារ៉ាបរង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គម្លាតរវាងស្ថានភាពបច្ចុប្បន្ន និងនិន្នាការអភិវឌ្ឍន៍ ព្រមទាំងលទ្ធភាពដើរ ទន្ទឹមគ្នារវាងតួនាទីស្ថាប័ន និងតួនាទីនៃថ្នាលឌីជីថលជំរុញ ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីឲ្យអ្នកទាំងអស់គ្នា រួមចំណែកកំណត់គោលដៅ និងវិធានការនយោបាយលើវិស័យធានារ៉ាប់រង់ ក្នុងការតាក់តែងសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរង់កម្ពុជា បានថ្លែងថា នេះជាសិក្ខាសាលាលើកទី១នៅកម្ពុជា ដែលបានលើកយកប្រធានបទ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាមកពិភាក្សា។ និយាយពីធានារ៉ាប់រង មានការទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសក្នុងប្រទេសមានការអភិវឌ្ឍខ្ពស់ថា ប្រតិបត្តិករធានារ៉ាប់រង ឬក្រុមហ៊ុនធានារ៉ាប់រង ដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រសង្គមឱ្យមានភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ដោយសារក្រុមហ៊ុនធានារ៉ាប់រងទាំងនោះ បានដើរតួជាសហគ្រាសទទួលយកហានិភ័យផង និងជាវិនិយោគិនផង។
លោកបានបន្ដថា «ប្រតិបត្តិករធានារ៉ាប់រង មានមុខងារពិសេសមួយ គឺសមត្ថភាពស្រូបយកហានិភ័យ ដែលអាចនាំឱ្យបុគ្គលធ្លាក់ ក្នុងភាពក្រីក្រ ឬទុក្ខវេទនា ដោយសារការបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្នុងប្រទេសមានទីផ្សារធានារ៉ាប់រងរីកចម្រើនខ្លាំង ភាពធន់នៃសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ចនានា មានភាពរឹងមាំដោយសារ តែមានការការពារយ៉ាងច្រើន ក្រោមវិសាលភាពនៃសេវាធានារ៉ាប់រង»។
លោកបានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានទំហំតូចនៅឡើយ ការប្រើប្រាស់សេវាធានារ៉ាប់រង ពីសំណាក់ប្រជាពលរដ្ឋមានកម្រិតទាប ហើយការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រងរបស់ប្រជាពលរដ្ឋក៏ នៅមានកម្រិតផងដែរ។
លោកបានបញ្ជាក់ថា «អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចមានប្រមាណ ១.១% ប៉ុណ្ណោះក្នុងឆ្នាំ២០២១កន្លងទៅជាសូចនាករមួយបង្ហាញថា
គម្លាតនៃការការពារហានិភ័យនៅកម្ពុជា នៅមានទំហំធំពោលគឺហានិភ័យ ដែលមានការធានារ៉ាប់រង មានចំនួនតិចតួចនៅឡើយ។ នេះជាសញ្ញាបញ្ជាក់ថា ប្រជាពលរដ្ឋ និងធុរកិច្ចជាច្រើនរួមទាំងសហគ្រាសធុនតូច និងមធ្យម មិនមានធានារ៉ាប់រង ហើយងាយនឹងរងផលប៉ះពាល់អវិជ្ជមាន ផ្នែកហិរញ្ញវត្ថុនៅពេលមានហានិភ័យមិនរំពឹងទុកបានកើតឡើង ដែលនាំទៅដល់មរណភាព គ្រោះថ្នាក់រាងកាយ បញ្ហាសុខភាព ការខូចខាតទ្រព្យសម្បត្តិ ឬការរំខានអាជីវកម្មជាដើម»៕