(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់លោកអំពីការធ្លាក់ថ្លៃប្រាក់យ៉េនយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ហើយរដ្ឋាភិបាលនឹងសម្របសម្រួលរាល់វិធានការសមស្របណាមួយជាមួយធនាគារកណ្តាលជប៉ុន ខណៈដែលរូបិយប័ណ្ណនេះបានធ្លាក់ចុះថ្លៃដល់កម្រិតទាបរយៈពេល ២៤ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Shunichi Suzuki ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា វាជារឿងសំខាន់សម្រាប់រូបិយប័ណ្ណក្នុងការប្រែងប្រួលតម្លៃប្រកបដោយស្ថិរភាពដែលឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ហើយការប្រែប្រួលតម្លៃយ៉ាងលឿន និងមិនប្រក្រតីអាចប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រទេសជប៉ុននឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររូបិយប័ណ្ណមកពីក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង៧ (G7) ដោយផ្អែកលើកិច្ចព្រមព្រៀងស្តីពីរូបិយប័ណ្ណរបស់ប្រទេសទាំងនេះ។
លោក Suzuki បានថ្លែងថា៖ «ការធ្លាក់ចុះប្រាក់យ៉េនយ៉ាងឆាប់រហ័សត្រូវបានគេមើលឃើញនៅក្នុងទីផ្សារប្តូរប្រាក់នាពេលថ្មីៗនេះ ហើយខ្ញុំមានការព្រួយបារម្ភ។ យើងនឹងមើលដោយប្រុងប្រយ័ត្នទៅលើចលនាទីផ្សាររូបិយប័ណ្ណ និងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ច និងតម្លៃ»។
រដ្ឋាភិបាលជប៉ុន និងធនាគារកណ្តាលរបស់ប្រទេសនេះបានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបង្ហាញការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងខ្លាំងរបស់តម្លៃប្រាក់យ៉េន ហើយអ្នកវិនិយោគមួយចំនួនមានការប្រុងប្រយ័ត្នចំពោះអន្តរាគមន៍លើរូបិយបណ្ណ ឬការប្តេជ្ញាចិត្តធនាគារកណ្តាលក្នុងការរក្សាស្ថិរភាពអត្រាការប្រាក់។
ប្រាក់យ៉េនត្រូវបានជួញដូរចុងក្រោយក្នុងតម្លៃ ១៣៤យ៉េនក្នុងមួយដុល្លារបន្ទាប់ពីការជួញដូរក្នុងកម្រិតទាប ១៣៥,២២កាលពីថ្ងៃចន្ទសប្តាហ៍មុន។ រូបិយប័ណ្ណនេះធ្លាក់ចុះថ្លៃ ១៤ ភាគរយធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕