(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ មិថុនានេះបញ្ជាក់ថា «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕