(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្តផ្សព្វផ្សាយ ពីការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ខណៈដែលពន្ធនេះចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២មក។
សិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញស្តីពី «ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)» ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារប្រមាណ៣០០នាក់។
បន្ទាប់ពីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជនធំៗចំនួន ៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ហើយបានប្រកាសបង់ពន្ធដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនធំៗទាំងនោះមានដូចជា Facebook, Google, Netflix, Microsoft, Tik Tok ជាដើម។
សូមជម្រាបថា ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។
អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។
អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕