(ភ្នំពេញ)៖ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្ម ដែលនាំចូលពីក្រៅប្រទេសកើនថ្លៃខ្ពស់រហូត២០០% ទៅ៣០០%។ តែយ៉ាងនេះក្តី អ្នកជំនាញ និងអ្នកផលិត មើលឃើញថា នេះគឺជាឱកាសមួយសម្រាប់ក្រុមហ៊ុន និងសិប្បកម្មផលិតក្នុងស្រុក បង្កើនផលិតកម្មរបស់ខ្លួន ផលិតជីកសិកម្មបែបសិរីរាង្គ និងធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយថ្លៃចំណាយរបស់កសិករ។
លោក គង់ ម៉ៅ ប្រធានផ្នែកផលិតកម្មនៃក្រុមហ៊ុន ហាស វេនឈ័រ ដែលជាក្រុមហ៊ុនផលិតជីក្នុងស្រុក បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ខណៈជីគីមីឡើងថ្ងៃយ៉ាងគំហុក បានធ្វើឱ្យតម្រូវការជីសរីរាង្គផលិតក្នុងស្រុក មានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យការផលិតមិនទាន់តម្រូវការ។
លោកបន្តថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនផលិតជីសរីរាង្គសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បានបង្កើនផលិតកម្មរបស់ខ្លួនដល់១៥០ ទៅ១៦០តោនក្នុងមួយខែ និងគ្រោងបង្កើនការផលិតជាបន្តបន្ទាប់ផងដែរ។ បើទោះបីជាមានតម្រូវការខ្ពស់ក៏ដោយ ប៉ុន្តែតម្លៃវិញមិនបានឡើងថ្លៃនោះទេ ដោយរក្សាតម្លៃដដែលគឺ១បេ (ទម្ងន់២០គីឡូក្រាម) តម្លៃ១០ដុល្លារ និង១តោនប្រមាណពី៥០០ដុល្លារ។
លោកបានលើកឡើងទៀតថា «ឱកាសនេះ បើសិនជាមានសិប្បកម្ម ឬរោងចក្រផលិតជីធម្មជាតិ នៅក្នុងស្រុកកាន់តែពង្រីកផលិតកម្ម ឬពង្រីករោងចក្រថែមល្អ ដែលធ្វើឱ្យប្រជាជនគាត់ងាកមកប្រើជីធម្មជាតិ ជីសរីរាង្គ ដីយើងល្អ ហើយត្រូវនឹងគោលបំណងទីផ្សារសកល ព្រោះគេចូលចិត្តរបស់សរីរាង្គ»។
លោកបានឱ្យដឹងថា ជីសរីរាង្គ របស់ហាស វេនឈ័រ ត្រូវបានផ្គត់ផ្គង់នៅខេត្តបាត់ដំបង កំពង់ធំ កំពង់ស្ពឺ និងកំពង់ចាម។ នៅឆ្នាំក្រោយគ្រោងពង្រីកការផ្គត់ផ្គង់ឱ្យបានទូទៅប្រទេស និងឈានទៅការនាំចេញទៅប្រទេសថៃ ឡាវ និងភូមាទៀតផង។ វត្ថុធាតុដើមដែលក្រុមហ៊ុននេះ យកមកផលិត គឺសុទ្ធសឹងតែផលិតផលក្នុងស្រុកដូចជាឆ្អឹងគោ កន្ទក់ ជីកំប៉ុស្តិ៍ ជីអង្កាមជាដើម ដែលមានអត្ថប្រយោជន៍ទប់ទឹក មានជីវជាតិជួយដល់ដី ដែលអាចប្រើប្រាស់បានគ្រប់សណ្ឋានដី។
ជុំវិញបញ្ហានេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី ដែលជាក្រុមហ៊ុនផលិតជីនៅក្នុងស្រុកបានថ្លែងថា អ្នកផលិតក្នុងស្រុក គួរតែចាប់ឱកាសនេះសម្រាប់បង្កើនការផលិត ដើម្បីទប់ជាមួយតម្លៃជីនាំចូល ព្រោះជីផលិតក្នុងស្រុកអាចនឹងមានតម្លៃទាបជាងជីនាំចូល ដែលជួយដល់កសិករក្នុងកាលៈទេសៈនេះ។ ជាក់ស្តែងជីធម្មជាតិសញ្ញាផែនដីរបស់លោក ដែលនាំវត្ថុធាតុដើមពីជប៉ុន យកមកផលិតក្នុងស្រុក គិតពីឆ្នាំ២០១៩ ឡើងថ្លៃតែ៥%ប៉ុណ្ណោះ ខណៈជីគីមីដែលនាំចូលកើនឡើងថ្លៃពី២០០%ទៅ៣០០%។
លោកបានឱ្យដឹងទៀតថា «យើងបង្កើនផលិតកម្មទៅតាមអ្វី ដែលយើងអាចមានលទ្ធភាពធ្វើបាន នៅក្នុងសង្វាក់ផលិតកម្មរបស់យើង ដោយសារតែជីរបស់ពួកខ្ញុំមានវត្ថុធាតុមួយចំនួនធំ ដែលនាំចូលមកពីជប៉ុន ដូច្នេះហើយវត្ថុធាតុដើមមួយចំនួន គឺវាមានកំណត់របស់វាដែរ អីចឹងយើងច្នៃទៅតាមលទ្ធភាពដែលយើងអាចកែបាន ប៉ុន្តែយើងនឹងប្រឹងឱ្យអស់លទ្ធភាពធ្វើម៉េចទប់តម្លៃកុំឱ្យប្រែប្រួលខ្លាំងពេក»។
លោកសង្កេតឃើញថា បញ្ហាឡើងកើននៃតម្លៃជីគីមីនេះ បានធ្វើឱ្យកសិករមួយចំនួនបានបោះបង់ការធ្វើកសិកម្ម ដែលធ្វើឱ្យប្រើប្រាស់ជីថយចុះ ប៉ុន្តែប្រសិនបើតម្លៃកសិផលកើនឡើងនោះ នឹងជំរុញឱ្យកសិករផលិតកសិផលកើនឡើងវិញ។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវឱ្យអ្នកផលិតក្នុងស្រុក ឬសហគ្រិនវិនិយោគលើការផលិតជីក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលជីគីមី ពីក្រៅប្រទេសដែលមានតម្លៃថ្លៃហួសហេតុ និងកុំពឹងផ្អែកទៅលើជីពីក្រៅប្រទេស។
លោកថា «បញ្ហាប្រឈមសព្វថ្ងៃនេះយើងត្រូវរកច្រកចេញ យើងមិនរំពឹងថាសង្រ្គាមនៅរុស្ស៊ី អ៊ុយក្រែនចប់ឆាប់ៗទេ អីចឹងមានតែមធ្យោបាយមួយទេ គឺយើងកាត់បន្ថយការប្រើប្រាស់ជីគីមី គឺជាឱកាសរបស់យើងវិញ។ បំលែងខ្លួនមកជាឱកាសរបស់យើងផលិតក្នុងស្រុក។ កម្ពុជាយើងអត់ទាន់មានបច្ចេកទេសទំនើបទេ ដូច្នេះយើងមានតែធ្វើជីកំប៉ុស្តិ៍ ជីសរីរាង្គ ដែលយើងអាចធ្វើបាន ហើយប្រយោជន៍យើងមួយទៀត វាជួយដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ»។
លោកអំពាវនាវឱ្យប្រជាកសិករ ងាកមកប្រើប្រាស់ជីធម្មជាតិ ឬជីសិរីរាង្គផលិតក្នុងស្រុកវិញ ព្រោះចំណាយថ្លៃដើមទាប និងជួយដល់ផលិតកម្មក្នុងស្រុក។ មិនតែប៉ុណ្ណោះការប្រើប្រាស់ជីប្រភេទនេះថែមទាំងជួយដល់ដី បើទោះបីជាលទ្ធផលអាចនឹងទទួលបានយឺតជាងជីគីមីក៏ដោយ។
លោកលើកឡើងថា តាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ជីគីមីលាយជាមួយជីសេរីរាង្គ ប្រសិទ្ធភាពកាន់តែខ្ពស់ ដែលកសិករគួរតែសាកល្បង។
លោកបន្ថែម «បើសិនជាមានអ្នកប្រើ បានអ្នកផលិតបង្កើនផលិតកម្មច្រើន។ បើសិនអត់មានអ្នកប្រើ គ្នាដែលចង់បង្កើនផលិតកម្ម គ្នាមិនហ៊ានទេ ពីព្រោះខ្លាចលក់អត់ដាច់ ទៅមិនដឹងយកទៅណា។ នេះជាកង្វល់របស់ពាណិជ្ជករ សហគមន៍កសិកម្មដែលចង់បង្កើនអាជីវកម្មផលិត យើងចង់ឱ្យខ្មែរយើងទាំងអស់មកប្រើជីផលិតក្នុងស្រុកបានមានទីផ្សារដើរ មានការផលិតច្រើន។ កង្វល់របស់កសិករថាមិនសូវឃើញផល។ ដូច្នេះយើងអត់ធ្មត់បន្តិចទៅព្រោះផលវាវែង»។
តាមការបញ្ជាក់របស់អ្នកជំនាញបច្ចុប្បន្ននេះ ជីគីមីដែលនាំចូលពីក្រៅប្រទេសតម្លៃបានកើនឡើងដល់ជាង ១ពាន់ដុល្លារក្នុងមួយតោន ខុសគ្នានឹងតម្លៃជីសរីរាង្គផលិតក្នុងស្រុកជាងពាក់កណ្តាល ដែលមានតម្លៃប្រមាណ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន៕