(វ៉ាស៊ីនតោន)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា លោកស្រីមិនរំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែកំណើននឹងពិតជាថមថយ ហើយតម្លៃប្រេងសាំងទំនងជាមិនធ្លាក់ចុះឆាប់ៗឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រីនៅពេលថ្លែងនៅក្នុងកម្មវិធី New York Times Dealbook ថា៖ «ខ្ញុំមិនគិតថា យើង (នឹង) មានជួបប្រទះការដើរថយក្រោយនៃសេដ្ឋកិច្ចទេ។ ការចំណាយរបស់អ្នកប្រើប្រាស់មានកម្រិតខ្លាំង។ ការចំណាយលើការវិនិយោគមានភាពរឹងមាំ»។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំដឹងថា ប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំងអំពីអតិផរណា ប៉ុន្តែគ្មានអ្វីដែលបង្ហាញថា ការដើរថយក្រោយនៃសេដ្ឋកិច្ចកំពុងកើតឡើងនោះទេ»។
លោកស្រី Yellen ដែលកាលពីសប្តាហ៍មុនបានសារភាពថា លោកស្រីបានប្រព្រឹត្តិកំហុសអំពីការព្យាករថា អតិផរណានឹងជារឿងបណ្តោះអាសន្នោះនោះ បានប្រាប់កម្មវិធី New York Times Dealbook ថា លោកស្រីនឹងមិនប្តូរការសម្រេចចិត្តដែលធ្វើឡើងចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកទេ ប្រសិនបើលោកស្រីអាចវិលត្រលប់ទៅក្រោយវិញបាន។
លោកស្រី Yellen បាននិយាយថា៖ «ខ្ញុំនឹងនៅតែសម្រេចចិត្តធ្វើវាដដែល»។ លោកស្រីបន្ថែមថា ហត្ថលេខារបស់ប្រធានាធិបតី Joe Biden ដែលត្រូវចុះនៅលើផែនការសង្គ្រោះអាមេរិកដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារត្រូវការជាចាំបាច់ ដើម្បីការពារប្រជាជនអាមេរិកមួយជំនាន់ ដែលទទួលរងពីអត្រាគ្មានការងារធ្វើខ្ពស់។
លោកស្រីនិយាយថា៖ «អ្វីៗតែងតែអាចកើតឡើងដែលអ្នកមិននឹកស្មានដល់។ ពិភពលោកមិនប្រាកដប្រជា»។
លោកស្រី Yellen បានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណាគឺជាអាទិភាពកំពូលរបស់ប្រធានាធិបតី Joe Biden។ លោកស្រីបន្តថា លោកស្រីមិនរំពឹងថា តម្លៃប្រេងសាំងដែលទើបតែកើនឡើងដល់ ៥ដុល្លារក្នុងមួយហ្គាឡុងនឹងធ្លាក់ចុះនៅពេលណាមួយក្នុងពេលឆាប់ៗនេះនោះទេ។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ៕