(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មូលនិធិ IMF រំពឹងថានឹងទម្លាក់ការព្យាកររបស់ខ្លួនបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២២ នៅខែក្រោយនេះ បន្ទាប់ពីធនាគារពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ (OECD) បានកាត់បន្ថយការព្យាកររបស់ខ្លួននៅសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការទម្លាក់នេះនឹងក្លាយជាការទម្លាក់លើកទីបីរបស់ IMF នៅឆ្នាំនេះ។ កាលពីខែមេសា មូលនិធិ IMF បានទម្លាក់ការព្យាកររបស់ខ្លួនរួចហើយចំពោះកំណើនសេដ្ឋកិច្ចពិភពលោកដោយទម្លាក់ជិត ១ភាគរយ មកនៅត្រឹម ៣,៦ភាគរយនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Gerry Rice អ្នកនាំពាក្យមូលនិធិ IMF ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានជាប្រចាំរបស់មូលនិធិ IMF ថា ចក្ខុវិស័យទាំងមូលនៅតែមានកំណើននៅទូទាំងពិភពលោក ទោះបីជាមានកម្រិតយឺតជាងមុនក៏ដោយ ប៉ុន្តែប្រទេសមួយចំនួនអាចនឹងប្រឈមមុខនឹងការដើរថយក្រោយនៃសេដ្ឋកិច្ច។
លោក Rice បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ច្បាស់ណាស់ ការវិវឌ្ឍមួយចំនួនបានកើតឡើង ដែលអាចនាំឲ្យយើងពិនិត្យមើលបន្ថែមទៀត។ រឿងជាច្រើនបានកើតឡើង ហើយកំពុងកើតឡើងយ៉ាងលឿនចាប់តាំងពីយើងបានព្យាករចុងក្រោយ»។
មូលនិធិ IMF គ្រោងនឹងចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួននៅពាក់កណ្តាលខែកក្កដា។
លោក Rice បានបន្ថែមថា ការទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោក ដែលរំពឹងថានឹងធ្វើឡើងនេះគឺដោយសារសង្រ្គាមដែលកំពុងបន្តកើតមាននៅប្រទេសអ៊ុយក្រែន តម្លៃទំនិញប្រែប្រួលខ្លាំង តម្លៃអាហារនិងថាមពលខ្ពស់ខ្លាំង និងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួនផងដែរ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីចក្ខុវិស័យរបស់ប្រទេសចិនទេ។
ធនាគារពិភពលោកកាលពីថ្ងៃអង្គារបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនជិតមួយភាគបីមកត្រឹម ២,៣ភាគរយសម្រាប់ឆ្នាំ២០២២ ដោយលើកឡើងពីការខូចខាតរួមពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលដែលក៏បានព្រមានអំពីការកើនឡើងហានិភ័យនៃការជាប់គាំងផ្នែកសេដ្ឋកិច្ច និងកំណើនអតិផរណា (stagflation) ផងដែរ។ មួយថ្ងៃក្រោយមក អង្គការ OECD បានកាត់បន្ថយការព្យាកររបស់ខ្លួនផងដែរពី ១,៥ភាគរយមកត្រឹម ៣ ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕