(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័តប្រាក់កម្ចីរហូតដល់ ៤,៣ប៊ីលានដុល្លារសម្រាប់គម្រោងផ្លូវដែកនៅក្នុងប្រទេសហ្វីលីពីន ដែលជាការជំរុញដែលត្រូវការយ៉ាងខ្លាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានវ័យចំណាស់របស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា ហ្វីលីពីនមានផ្លូវរថភ្លើងចម្ងាយជាង ១.១០០គីឡូម៉ែត្រមុនពេលមានសង្គ្រាមលោកលើកទី២ ប៉ុន្តែគិតត្រឹមឆ្នាំ២០១៦ ផ្លូវដែកដែលអាចប្រតិបត្តិការបានមានប្រវែងត្រឹមតែ ៧៧គីឡូម៉ែត្រប៉ុណ្ណោះ ដែលស្ថិតនៅឆ្ងាយពីគេបើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Ahmed Saeed អនុប្រធានធនាគារ ADB បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោង South Commuter Railway ប្រវែង ៥៥គីឡូម៉ែត្រនៅហ្វីលីពីន គឺជាហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ ADB នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករហូតមកដល់បច្ចុប្បន្ន។
គម្រោងនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពាក់កណ្តាលរវាងទីក្រុងម៉ានីល និងទីក្រុង Calamba ក្នុងខេត្ត Laguna ពីរយៈពេលធ្វើដំណើរបច្ចុប្បន្ន ២ម៉ោងកន្លះ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) កំពុងផ្តល់មូលនិធិសម្រាប់ការទិញរថភ្លើង និងប្រព័ន្ធផ្លូវដែក។
រាល់ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ហិរញ្ញប្បទានដោយធនាគារ ADB ដូចជាការងារស៊ីវិលសម្រាប់ស្ពានទ្រផ្លូវដែក ស្ថានីយ៍ចំនួន ១៨ ស្ពាន ផ្លូវរូងក្រោមដី និងអគារស្ថានីយ នឹងត្រូវបានរចនាឡើងដើម្បីឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ និងអាចទប់ទល់ព្យុះទីហ្វុង និងការរញ្ជួយដីបាន។
ក្នុងឆ្នាំ២០១៩ ធនាគារ ADB ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានប្តេជ្ញាផ្តល់មូលនិធិ ២,៥ប៊ីលានដុល្លារសម្រាប់គម្រោងផ្លូវដែកភាគខាងជើងនៃរដ្ឋធានីដែលបច្ចុប្បន្នកំពុងសាងសង់។
គម្រោងផ្លូវដែកចំនួនពីរត្រូវបានបញ្ចប់ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte ខណៈដែលគម្រោង៦ កំពុងដំណើរការ ហើយគម្រោង ៦ ទៀតមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយ។ នៅពេលបញ្ចប់ ហ្វីលីពីននឹងមានផ្លូវដែកប្រវែង ១.២០៩គីឡូម៉ែត្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕