(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញបន្ទះសូឡា មានតម្លៃប្រមាណជិត ២០០លានដុល្លារទៅសហរដ្ឋអាមេរិក ខណៈកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានប្រកាសបន្តមិនយកពន្ធគយ ចំពោះនាំចូលបន្ទះសូឡា មកពីប្រទេសចំនួន ៤ រួមទាំងកម្ពុជា ក្នុងរយៈពេល២ឆ្នាំ ដើម្បីជួយជំរុញផលិតកម្មនៅអាមេរិក។ នេះតាមការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមិថុនានេះ។
លោក ប៉ែន សុវិជាតិ បានថ្លែងថា កន្លងមកកម្ពុជានាំចេញបន្ទះសូឡាទៅសហរដ្ឋអាមេរិក គឺមិនជាប់ពន្ធនោះទេ ពោល គឺគិតតាមអត្រាពន្ធ MFN ដែលស្ថិតក្នុងត្រាពន្ធសូន្យ។ តែទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសដែលផលិត និងនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិកតិចជាងគេ បើធៀបនឹងប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម។
ពន្ធ MFN ដោយសារយើងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ចំណែកការមិនយកពន្ធនាំចូលដោយសារបន្ទះសូឡា ជាទំនិញដែលរួមចំណែកដល់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ថា ការដែលប្រធានាធិបតីអាមេរិក ប្រកាសបន្តលើកលែងនេះ បន្ទាប់ក្រុមហ៊ុនឯកជន ដែលនាំចូលបន្ទះសូឡាពីប្រទេសទាំង៤នេះ បានដាក់លិខិតតវ៉ា ទៅលោកប្រធានាធិបតី ចូ បៃឌិន ដែលនាំឱ្យប្រទេសនេះ សម្រេចប្រកាសបន្តលើកលែងពន្ធនាំចូលបន្ទះសូឡាពី ប្រទេសពីប្រទេសទាំង៤បន្តទៀត។
យ៉ាងនេះក្តីបន្ទាប់ពី២៤ខែទៀត លោកមិនច្បាស់ថា អាមេរិកនឹងយកពន្ធ ឬបន្តលើកលែងពន្ធទៀតនោះទេ។
លោកបានពន្យល់យ៉ាងដូច្នេះថា «កន្លងមកនៅដើមឆ្នាំនេះ មានព័ត៌មានមួយពីសហរដ្ឋអាមេរិកថា គេនឹងធ្វើការស៊ើបអង្កេតមួយ លើការនាំចូលបន្ទះសូឡាពីកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី។ គេធ្វើការស៊ើបអង្កេតនេះ ដោយសារគេមានមន្ទិលសង្ស័យ ទៅលើបញ្ហាលក់បង្ខូចថ្លៃ។ ពាក់ព័ន្ធនឹងការនាំចូលបន្ទះសូឡានេះ។ បើគេស៊ើបថាមានបញ្ហា ដែលអាចឈានដល់ការយកពន្ធ។ បន្ទាប់ពីមានការបំរុងស៊ើបអង្កេតនេះ ក្រុមហ៊ុនដែលនាំចូលលើបន្ទះសូឡា ដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា បានដាក់លិខិតតវ៉ា ព្រោះភ្លាមៗនោះ វាធ្វើឱ្យប៉ះពាល់កម្លាំងពលកម្ម ក្នុងឧស្សាហកម្មរៀបដំឡើងបន្ទះសូឡា នៅតាមគេហដ្ឋាន រោងចក្រនៅសហរដ្ឋអាមេរិក បាត់បង់ការងារធ្វើ»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមិថុនានេះ លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល រំពឹងថា ការបន្តលើកលែងរយៈពេល២៤ខែ ពីសហរដ្ឋអាមេរិកនេះ នឹងជំរុញក្រុមហ៊ុនជាតិ និងអន្តរជាតិ មកវិនិយោគលើការផលិតបន្ទះសូឡា សម្រាប់ចេញទៅសហរដ្ឋអាមេរិក។
លោកបន្តថា «ការលើកលែងពន្ធរបស់សហរដ្ឋអាមេរិក ជារឿងល្អណាស់ ដើម្បីក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិ អាចវិនិយោគធ្វើរោងចក្រផ្ទាំងសូឡានៅកម្ពុជាយើង ដែលគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលលើកទឹកចិត្ត ឱ្យមានការវិនិយោគរោងចក្រអគ្គិសនី នៅក្នុងស្រុកទាំងបរិក្ខាអគ្គិសនី មិនត្រឹមតែផ្ទាំងសូឡាទេ។ កន្លងមកមានរោងចក្រធ្វើខ្សែកាបធ្វើត្រង់ស្វ័រ បរិក្ខាអគ្គិសនីសំខាន់ៗទៀត ដែលវិនិយោគនៅកម្ពុជា គឺយើងបានអនុវត្តទៅតាមច្បាប់វិនិយោគរបស់កម្ពុជា»។
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១០ ដែលបានផលិត និងនាំចេញបន្ទះសូឡា ទៅទីផ្សារអន្តរជាតិ ។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញឧបករណ៍សឺមីកុងឌុចទ័រ ដែលបំប្លែងពន្លឺទៅជាថាមពលអគ្គិសនី រាប់បញ្ចូលទាំងបន្ទះសូឡា ចំនួនជាង២៥៦ លានដុល្លារអាមេរិក កើនឡើងជាង១២១លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួនជាង ១៣៥លានដុល្លារ៕