(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានអភិវឌ្ឍកម្មវិធីការងាររបស់ខ្លួន ពីការផ្លាស់ប្តូរពីការផ្តល់សេវាព័ត៌មានអាកាសចរណ៍ (AIS) ដែលជាការផ្តល់សេវាព័ត៌មានតាមរបៀបប្រពៃណី (ក្រដាស) មកជាការផ្តល់ និងគ្រប់គ្រងព័ត៌មានទាក់ទងនឹងទិន្នន័យអាកាសចរណ៍តាមបែបឌីជីថល ដែលហៅថាការគ្រប់គ្រងព័ត៌មានអាកាសចរណ៍ (AIM) ដើម្បីឱ្យស្របការវិវត្តិនៃបច្ចេកវិទ្យាទំនើប និងបំពេញតាមលក្ខណ្ឌតម្រូវ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការផ្លាស់ប្តូររបៀបគ្រប់គ្រងព័ត៌មានអាកាសចរណ៍ តាមបែបឌីជីថល នឹងធ្វើឱ្យទិន្នន័យព័ត៌មានអាកាសចរណ៍ កាន់តែសុក្រិត្យ និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។
ស្របតាមផែនទីបង្ហាញផ្លូវរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរពីការផ្តល់សេវាព័ត៌មានអាកាសចរណ៍(AIS) មកជាការគ្រប់គ្រងព័ត៌មានអាកាសចរណ៍ (AIM), ក្រុមហ៊ុន Cambodia Air Traffic Services ត្រូវបានធ្វើការជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីធានាថាគ្រប់ជំហានទាំង ២១ នៃផែនទីបង្ហាញផ្លូវនឹងត្រូវបានអនុវត្តស្របទៅតាមលក្ខណ្ឌតម្រូវ។
ក្នុងជួយសម្របសម្រួល និងជំរុញក្នុងការផ្លាស់ប្តូរពី AIS ទៅ AIM ក្រុមហ៊ុន Indra-Avitech ដែលជាក្រុមហ៊ុនអាឡឺម៉ង់ ត្រូវបានជ្រើសរើសជាដៃគូ សម្រាប់ការអភិវឌ្ឍសមត្ថភាពនៃប្រព័ន្ធ AIM នេះ និងការកសាងសមត្ថភាពធនធានមនុស្ស។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅក្រុមហ៊ុន Cambodia Air Traffic Services Company Limited (CATS) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មចរាចរផ្លូវអាកាសនៅកម្ពុជា សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានរៀបចំសិក្ខាសាលា ស្តីអំពីការបញ្ជ្រៀបការយល់ដឹងពីការគ្រប់គ្រងព័ត៌មានអំពីអាកាសចរណ៍ សម្រាប់អ្នកបង្កើតទិន្នន័យអាកាសចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមឧស្សហកម្មដែលពាក់ព័ន្ធទៅនឹងអាកាសចរណ៍ ដូចជានិយតករ ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មដល់អាកាសយានដ្ឋាន នាំផ្លូវអាកាស ឧតុនិយម ការរុករក និងការសង្គ្រោះ ការស៊ើបអង្កេតឧបទ្ទវហេតុ និងឧប្បត្តិហេតុ ការការពារដែនអាកាស។ល។ ដែលជាលក្ខណ្ឌតម្រូវ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO)។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
សិក្ខាសាលានេះក៏មានគោលបំណងបង្កើតការយល់ដឹង និងកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងព័ត៌មានអំពីអាកាសចរណ៍(AIM) ដើម្បីផលិតទិន្នន័យ និងព័ត៌មានអាកាសអាកាសចរណ៍ដែលត្រូវការ សម្រាប់ការបោះពុម្ពផ្សាយព័ត៌មានអាកាចរណ៍(AIP) សម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងភាពទៀងទាត់នៃប្រតិបត្តិការហោះហើរ និងអ្នកប្រើប្រាស់អាកាសយានដ្ឋាន អាកាសយាន និងដែនអាកាសទាំងអស់នៅកម្ពុជា ៕