(ហ្សាការតា)៖ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមគម្រោងពន្លឿនការនាំចេញ ដែលមានបំណងនាំចេញប្រេងដូងឆៅ និងផលិតផលប្រេងដូងយ៉ាងហោចណាស់ ១លានតោន បន្ទាប់ពីមានការហាមឃាត់ការនាំចេញនាពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់បទប្បញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ថា បទប្បញ្ញត្តិស្តីពីការជំរុញនាំចេញនេះមានប្រសិទ្ធភាព ភ្លាមៗ ហើយគម្រោងពន្លឿនការនាំចេញអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា។

បទប្បញ្ញត្តិដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនាបានឱ្យដឹងថា ប្រសិនបើតម្រូវឱ្យមានកូតានាំចេញច្រើនជាង នោះកូតាអាចលើសពីដែនកំណត់ ១លានតោន។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោក បានអនុញ្ញាតឱ្យមានការនាំចេញឡើងវិញកាលពីថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីហាមឃាត់ការនាំចេញរយៈពេល ៣ សប្តាហ៍ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ប្រេងឆាក្នុងស្រុក និងរក្សាតម្លៃមិនឱ្យកើនឡើង។

ទោះជាយ៉ាងណា ការនាំចេញមានភាពយឺតយ៉ាវ ដោយសារតែក្រុមហ៊ុននាំចេញប្រឈមនឹងឧបសគ្គនានាដោយសារលក្ខខណ្ឌតម្រូវការថ្មីៗដែលត្រូវបានបង្កើតឡើងដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក។ ភាពរាំងស្ទះបានធ្វើឱ្យកសិករមានការខកចិត្តដោយសារលក់ផ្លែដូងប្រេងមិនចេញ។

បទប្បញ្ញត្តិនេះបានបន្តថា៖ «កម្មវិធីពន្លឿននេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្នុងគោលបំណងដើម្បីរក្សាស្ថិតភាពផលិតកម្ម និងតម្លៃផ្លែដូងប្រេងស្រស់នៅកម្រិតអ្នកដាំ»

ការនាំចេញប្រេងដូងរបស់ឥណ្ឌូនេស៊ីជាមធ្យមមានចន្លោះពី ២,៥លានទៅ ៣ លានតោនក្នុងមួយខែមុនពេលមានការហាមឃាត់ការនាំចេញដែលបានកើតមានឡើងក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ជាសកលចំពោះការផ្គត់ផ្គង់ប្រេងបន្លែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕