(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ជាការពិតរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់មួយចំនួន បានជួបបញ្ហានៃការកង្វះទឹកស្អាតប្រើប្រាស់ ប៉ុន្ដែនិយាយចំពោះតម្លៃភាគហ៊ុនរបស់រដ្ឋាករទឹក ក្នុងផ្សារមូលបត្រវិញ មិនមានបញ្ហាចោទនោះទេ ពោលគឺនៅតែរក្សាកំណើនល្អប្រសើរ។
ការលើកឡើងរបស់លោក ឡុង ណារ៉ូ ធ្វើឡើងក្នុងកម្មវិធី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅភូមិសាស្ត្ររាជធានីភ្នំពេញ» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
លោក ឡុង ណារ៉ូ បានឲ្យដឹងថា «បច្ចុប្បន្នខ្ញុំឃើញថា ផ្សារភាគហ៊ុន ពិសេសការលក់ជួញដូររបស់រដ្ឋាករទឹក គឺមានតម្លៃខ្ពស់ជាតម្លៃថ្លៃដើម តម្លៃថ្លៃដើមមាន ៦៣០០រៀលក្នុង១ភាគហ៊ុន។ ចំណែកតម្លៃលើទីផ្សារកាលពីថ្ងៃម្សិលមិញមាន ៧៥០០រៀល ខ្ញុំជឿជាក់ថា នៅពេលដែលរោងចក្រផលិតទឹកស្អាតបាក់ខែទី១ និងទី២ ចាប់ដំណើរការតម្លៃភាគហ៊ុននឹងកើនឡើង»។
លោកបានបន្ថែមថា ចាប់ពីឆ្នាំ២០២៣ ទៅដំណើរការភាគហ៊ុនរបស់រដ្ឋាករទឹក នឹងក្លាយជាកន្លែងមួយអាចស៊ីសងបាន។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក៏មិនមានការថយចុះ ក្រោមតម្លៃលក់នោះដែរ [ថ្លៃ IPO] ។
សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេ ដែលបានបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០១២ គិតមកដល់ពេលច្ចុប្បន្ននេះ មានរយៈពេល១០ឆ្នាំហើយ៕