(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា ការកោះហៅនាយកក្រុមហ៊ុន ឬម្ចាស់ក្រុមហ៊ុននានា ចូលមកទូទាត់បំណុលពន្ធ ដែលបានជំពាក់រដ្ឋជាច្រើនឆ្នាំ មិនមែនជាការរឹត.ក អ្នករកស៊ី ដើម្បីបំពេញផែនការចំណូលប្រចាំខែ ប្រចាំឆ្នាំរបស់ពន្ធដារនោះទេ តែជាវិធានតឹងទារបំណុលពន្ធ ស្របតាមបទបញ្ញត្តិនៃច្បាប់សារពើពន្ធ។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រតិភូ គង់ វិបុល ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានផ្សព្វផ្សាយនូវលិខិតកោះអញ្ជើញ ឲ្យម្ចាស់ក្រុមហ៊ុនចំនួន១៤ ចូលខ្លួនមកទូទាត់បំណុលពន្ធដែលបានជំពាក់រដ្ឋ។
លោកអគ្គនាយកពន្ធដារបានបញ្ជាក់ថា ក្រុមហ៊ុនដែលអគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតកោះអញ្ជើញនេះ សុទ្ធសឹងជំពាក់បំណុលពន្ធរាប់ឆ្នាំ ដោយក្រុមហ៊ុនខ្លះជំពាក់ចាប់ពីតាំងពីឆ្នាំ២០១៦ បន្តបន្ទាប់មករហូតដល់ឆ្នាំ២០២០ ហើយអគ្គនាយកដ្ឋានពន្ធដារ បានប្រើប្រាស់វិធានទន់ភ្លន់ជាច្រើនលើកច្រើនសារ ដោយចេញលិខិតអញ្ជើញជាបន្តបន្ទាប់ ប៉ុន្តែម្ចាស់ក្រុមហ៊ុន ឬនាយកក្រុមហ៊ុនទាំងអស់នោះ មិនយកចិត្តទុកដាក់ ថែមទាំងព្រងើយកន្តើយថែមទៀតផង។
លោក គង់ វិបុល បញ្ជាក់ថា «រាជរដ្ឋាភិបាលក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ យល់ច្បាស់ណាស់ថា វិស័យឯកជន គឺដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងពេលវេលាលំបាក នៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានអនុគ្រោះពន្ធយ៉ាងច្រើន ដល់វិស័យដែលរងផលប៉ះពាល់នៃវិបត្តិនេះ ដូច្នេះមិនមានហេតុផលណា ដែលអគ្គនាយកពន្ធដារត្រូវច្របាច់.ក ដៃគូមិនអាចខ្វះបានរបស់ខ្លួននោះទេ មានតែបង្កបរិយាកាល និងបម្រើសេវាឲ្យកាន់តែល្អប្រសើរ តាមរយៈការអភិវឌ្ឍន៍កម្មវីធីបង់ពន្ធឲ្យកាន់តែងាយស្រួល និងឆាប់រហ័ស មិនបង្កការស្មុគស្មាញដល់អ្នកជាប់ពន្ធ»។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកជាប់ពន្ធ ចូលរួមបំពេញកាតព្វកិច្ចពន្ធឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ព្រោះប្រាក់ពន្ធដែលលោកលោកស្រីបង់នេះ ជួយឲ្យរាជរដ្ឋាភិបាលលទ្ធភាពប្រើប្រាស់ សម្រាប់ថែរក្សាសន្តិសុខសង្គម កសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ៗរូប៕