(កំពង់ឆ្នាំង)៖ កសិដ្ឋាន «ជេនស៊ីន» ដាំដំណាំកសិកម្ម នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានដំណាំដើមធូរេនមានអាយុ៥ឆ្នាំទទួលបានផ្លែផ្កា ដែលជាភាពជោគជ័យមួយសម្រាប់ទឹកដី នៃខេត្តកំពង់ឆ្នាំង ដែលអាចដាំដើមទុរេនយកផ្លែបាន ហើយផ្លែធូរេនមានរសជាតិផ្អែមឆ្ងាញ់អតិថិជនបានទទួលស្គាល់នៅក្នុងទីផ្សារទៀតផង។

លោក គុណ ភោត ជាមេការកសិដ្ឋាន «ជេនស៊ីន» ដាំដំណាំកសិកម្ម នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បាននិយាយឲ្យដឹងថា លោកបានរស់នៅ និងធ្វើជាមេការក្នុងកសិដ្ឋាននេះមានរយៈពេលជាង៤ឆ្នាំមកហើយ ដែលក្នុងកសិដ្ឋាននេះមានដាំដំណាំធូរេន ដំណាំដូង ដំណាំស្វាយ និងដើមក្រញូងហៃណានក្នុងផ្ទៃដីជាង៥០០ហិកតា។ ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ការដាំដំណាំធូរេនលើដីខ្សាច់ជាង៣០ហិកតាទទួលផលបានយ៉ាងល្អ និងរសជាតិផ្លែធូរេនខេត្តកំពង់ឆ្នាំង ផ្អែមឆ្ងាញ់មិនចាញ់ធូរេនអ្នកកំពត និងខេត្តដ៏ទៃឡើយ។

មេការខាងលើបានបន្តថា កម្មករនៅទីនេះមានចំនួនជាង១០០នាក់ ពួកគាត់មិនបាច់ចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសផ្សេងឡើយ ដែលនៅទីនេះទទួលប្រាក់ខែសមរម្យ រីឯលោកប្រធានក្រុមហ៊ុន មានទឹកចិត្តសប្បុរសជួយកម្មករ ទាំងអាហារហូបចុក ដែលក្នុងមួយថ្ងៃ៣ពេល និងកន្លែងសម្រាកសមរម្យ ពិសេសពេលកម្មករឈឺស្កាត់ម្តងៗ លោកតែងដឹកយកទៅ ពេទ្យ និងចេញថ្លៃព្យាបាលឲ្យ ព្រមទាំងជួយដល់ក្រុមគ្រួសាររបស់កម្មករក្រីក្រ ឲ្យប្រាក់ខ្ចីដោយមិនគិតការប្រាក់ទៀតផង។

បុរសម្នាក់ទៀត ជាកម្មករនៅក្នុងកសិដ្ឋាននេះដែរ បានបញ្ជាក់ឱ្យដឹងថា គាត់រស់នៅក្នុងភូមិឃុំនេះ និងបានមកធ្វើការងារក្នុងកសិដ្ឋាននេះមានរយៈពេល៥ឆ្នាំហើយ សព្វថ្ងៃទទួលបានកន្លែងស្នាក់នៅ បាយ៣ពេល មានប្រាក់ខែអាចទទួលយកបាន និងពេលឈឺថ្កាត់ម្តងៗ ត្រូវបានក្រុមហ៊ុនជួយដឹកទៅព្យាបាលនៅមន្ទីរ ពេទ្យនិងបានចេញថ្លៃព្យាបាលឱ្យទៀតផង។

ដោយឡែកម្ចាស់កសិដ្ឋាន លោក ហាន់ ស៊ីន អាយុ៧០ឆ្នាំ ជាអតីតតំណាងរាស្ត្រនៅប្រទេសចិន៨ឆ្នាំ បច្ចុប្បន្នមានមុខរបរមួយទៀត គឺជាមេធាវីនៅទីភ្នំពេញ បាននិយាយឲ្យដឹងថា ដីកសិដ្ឋានដាំដំណាំកសិកម្មរបស់លោកនៅទីនេះ មានទំហំជាង៥០០ហិកតា មានប្លង់រឹងត្រឹមត្រូវ។ កសិដ្ឋាននេះមានដាំដើមទុរេនជាង៣០ហិកតា ដាំដើមស្វាយកែវចិន២០០ហិកតា ដាំផ្លែដូងទឹកផ្អែម១៥០ហិកតា និងដាំដើមក្រញូងហៃណាន២០០ហិកតា។ នៅក្នុងកសិដ្ឋាននេះ លោកបានជីកស្រះមួយចំនួន ដើម្បីស្តុកទឹកដែលហូរចុះពីភ្នំទុកស្រោច ស្រពដំណាំ និងធ្វើរីសតមួយកន្លែងសម្រាប់ទទួលភ្ញៀវជាមិត្តភ័ក្រមកលេង ហើយបានចិញ្ចឹមសត្វលលក សត្វប្រវឹក និងសត្វក្ងោកមួយចំនួនជាការលម្អ នៅក្នុងកសិដ្ឋាន មិនតែប៉ុណ្ណោះលោកបានចិញ្ចឹមគោរាប់រយក្បាលទៀតផង។

លោកបន្តថា ជាពិសេសនៅក្នុងចំការក្រញូងរបស់លោកសព្វថ្ងៃ នៅពេលល្ងាចពិនិត្យឃើញមានសត្វក្ងោក សត្វជ្រូកព្រៃ សត្វចចកកំពុងរស់នៅក្នុងព្រៃក្រញូង ជាដំណាំបៃតង ដូចព្រៃបរិស្ថានធម្មជាតិ សត្វព្រៃទាំងអស់នោះ លោកកំពុងតែអភិរក្សក្នុងបរិវេណកសិដ្ឋានរបស់លោក មិនអាចនរណាចូលទៅបតបាញ់នៅទីនោះបានឡើយ។

លោកមកធ្វើកសិដ្ឋាននៅទីនេះ បានផ្ដល់ការងារជូនកម្មករស្រីប្រុសធ្វើការជាង១០០នាក់ ដោយក្នុងមួយថ្ងៃបានផ្តល់អាហា៣ពេលជូនពួកគាត់ និងបានផ្តល់ប្រាក់ខែពី១៥០ដុល្លារ ទៅ៥០០ដុល្លារ ទៅតាមមុខជំនាញដោយ១ឆ្នាំៗ លោកត្រូវចំណាយថវិកាទៅលើកម្មករ និងការហូបចុកប្រមាណរាប់ម៉ឺនដុល្លារ។

នៅក្នុងកសិដ្ឋាននោះដែរ លោកក៏បានធ្វើជម្រកស្នាក់ នៅជូនកម្មករ ធ្វើបង្គន់អនាម័យត្រឹមត្រូវ មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ហើយនៅក្នុងកសិដ្ឋាននេះដែរ លោកគ្រប់គ្រងកម្មករមិនឲ្យមានការប្រើប្រាស់គ្រឿងញៀន ចំណែកកម្មករទាំងអស់ត្រូវតែចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតដល់ដូសទី៤គ្រប់ៗគ្នាផងដែរ៕