(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅតែទទូចឲ្យអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) ដើម្បីទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេះ និងក្លែងបន្លំពន្ធ។
ការទទូចនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) នាអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។
អង្គសិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗ ចំនួន២រួមមាន ទី១៖ នីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងទី២៖ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track)។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សិក្ខាសាលានេះ មានសារៈសំខាន់យ៉ាងខ្លាំងដើម្បី «ពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អរបស់ស្ថាប័នរដ្ឋ» ដើម្បីធានានូវការគ្រប់គ្រង ប្រមូលពន្ធប្រកបដោយតម្លាភាពត្រឹមត្រូវ ជាពិសេស ទប់ស្កាត់នូវគេចវេះនិងក្លែងបន្លំពន្ធនានាជាយថាហេតុ។
លោកថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធាន ការងារប្រកបដោយស្មារតីបុរេសកម្ម និងពង្រឹងជានិច្ចនូវរដ្ឋបាលកិច្ចល្អ តាមរយៈការពង្រឹងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ និងការដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ជាបន្តបន្ទាប់ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ។
តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញនូវករណីជនទុច្ចរិតមួយចំនួនតូចបានប្រើប្រាស់ឯកសារ ឬត្រាក្លែងបន្លំ ដែលធ្វើឱ្យខាតបង់ចំណូលពន្ធប្រថាប់ត្រានិងពន្ធពាក់ព័ន្ធ។ ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់ កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) គឺមានន័យថា ចូលរួមទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេះនិងក្លែងបន្លំពន្ធ។
ខ្លឹមសារសំខាន់ៗនៃសិក្ខាសាលា៖
ទី១៖ នីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្តោតសំខាន់លើក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ វិធាននិងនីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រា ព្រមទាំងបញ្ហាប្រឈមនានា និងចំណុចដែលអគ្គនាយកដ្ឋានពន្ធដារ ទាមទារឲ្យមានការពង្រឹងកិច្ចសហការបន្ថែមពីក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។
ទី២៖ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសម្រួលដល់អ្នកជាប់ពន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ក្នុងការតាមដានស្ថានភាព ឯកសារដែលបានដាក់ចូលមករដ្ឋបាលសារពើពន្ធ ត្រួតពិនិត្យភាពត្រឹមត្រូវនៃឯកសារដែលបានចេញដោយរដ្ឋបាលសារពើពន្ធ ពិនិត្យឯកសារប្រថាប់ត្រាអចលនទ្រព្យ ពិនិត្យលតាបត្រពន្ធមធ្យោបាយ ត្រួតពិនិត្យឯកសារនានា ពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការពន្ធដារ ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ និងកម្មវិធីផ្សេងៗ។
កម្មវិធីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ លើទូរស័ព្ទដៃឆ្លាតវៃ (Smartphone) ដែលដំណើរការទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ការចូលរួមប្រើប្រាស់កម្មវិធីនេះ គឺមានន័យថា ចូលរួមក្នុងការទប់ស្កាត់ ការក្លែងបន្លំឯកសារ ការគេចវេះនិងក្លែងបន្លំពន្ធ ដែលអាចជាហានីភ័យនិងបង្កបញ្ហាស្មុគស្មាញដល់អ្នកទទួលកម្មសិទ្ធិអចលនទ្រព្យ និងការខាតបង់ចំណូលពន្ធប្រថាប់ត្រា និងពន្ធពាក់ព័ន្ធដល់ថវិកាជាតិ៕