(ភ្នំពេញ)៖ នៅថ្ងៃទី២៦ និងទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាម្ដងរួចហើយ ដើម្បីបន្តប្រមូលធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបាននិងកំពុងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង១២៖៤៥នាទីរសៀល នាពេលខាងមុខនេះ, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបានសហការ ជាមួយនឹងនិយ័តករ ធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា ក្នុងការរៀបចំ «សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» ក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋ-លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា រួមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលជាប្រធាន, អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ព្រមទាំងក្រុមហ៊ុនទាំងអស់ក្នុងវិស័យធានារ៉ាប់រង។
សិក្ខាសាលានេះ នឹងប្រព្រឹត្តឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) និងមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេឡេក្រាម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលបំណងចម្បងនៃសិក្ខាសាលានេះ រួមមាន៖ (១), បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យធានារ៉ាប់រង, (២) ផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជា ទាក់ទងនឹងឌីជីថលូបនីយ-កម្មក្នុងវិស័យធានារ៉ាប់រង, (៣) កំណត់និន្នាការបច្ចុប្បន្ន, បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា និង (៤) កំណត់តួនាទីរបស់ថ្នាលឌីជីថលផ្លាស់ប្ដូរទិន្នន័យផ្សេងៗនៅកម្ពុជា សម្រាប់វិស័យធានា-រ៉ាប់រង។
បន្ថែមពីនេះ សិក្ខាសាលានេះនឹងមានការចែករំលែកចំណេះដឹង, បទពិសោធ និងកិច្ចពិភាក្សាលើក្របខណ្ឌគោលនយោបាយ, ការអភិវឌ្ឍ, ឧត្ដមានុវត្តន៍, បញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រង និងការចាប់យកឌីជីថលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយវាគ្មិនមកពីក្រសួង-ស្ថាប័ន, ក្រុមហ៊ុនពាក់ព័ន្ធ និងតំណាងមកពីប្រទេសថៃ និងម៉ាឡេស៊ី៕