(ភ្នំពេញ)៖ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាសម្លឹងឃើញថា វិស័យធានារ៉ាប់រងកម្ពុជា នឹងមានការរីកធំធាត់កាន់តែប្រសើរឡើង នាពេលអនាគត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុយ វ៉ាថារ៉ូ ចូលរួមក្នុងកិច្ចពិភាក្សាស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមប្រធាន «ហេតុអ្វីបានជាសេវាធានារ៉ាប់រង មានសារសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ?»។
លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍន៍នូវបណ្ដាញបច្ចេកវិទ្យា ក៏នឹងរួមចំណែកបន្ដទៅមុខទៀតផងដែរ ដើម្បីភាពរីកចម្រើនក្នុងទីផ្សារធានារ៉ាប់រង [...] យើងមើលឃើញនូវសក្ដានុពលជាវិជ្ជមានដ៏ធំ សម្រាប់ការរីកចម្រើនទីផ្សារធានារ៉ាប់រងទៅថ្ងៃមុខ»។
លោកបានឲ្យដឹងថា ជាទូទៅនៅពេលដែលចង់ដឹងអំពីទំហំ ឬក៏ភាពរីកចម្រើននៃទីផ្សារធានារ៉ាប់រង នៅក្នុងប្រទេសមួយ យើងមើលសូចនាករសំខាន់មួយ គឺអត្រាបុព្វលាគធានារ៉ាប់រង ធៀបទៅនឹងទំហំសេដ្ឋកិច្ច ដែលហៅថា ផ.ស.ស. (ផលិតផលក្នុងស្រុកសរុប)។ កាលណាសូចនាករនៅតូច មានន័យថា អត្រាប្រើប្រាស់ធានារ៉ាប់រងនៅមានកម្រិតទាប ដូច្នេះមានន័យថា សក្ដានុពលនៃការរីកចម្រើន វិស័យធានារ៉ាប់រងគឺនៅនោះ ខណៈនាពេលបច្ចុប្បន្នអត្រានេះ គឺនៅក្នុងរង្វង់១ភាគរយ។
ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា ការបន្ដផ្សព្វផ្សាយបញ្ជ្រៀបចំណេះដឹងជាសាធារណៈ អំពីសេវាធានារ៉ាប់រង នៅតែជាវិធានការចាំបាច់សម្រាប់អនុវត្ដទៅមុខទៀត ដើម្បីឲ្យវិស័យធានារ៉ាប់រងនៅកម្ពុជា កាន់តែមានការរីកចម្រើន នាពេលអនាគត។
លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង តែងតែស្វែងយល់ពីទីផ្សារ និងតម្រូវការជាក់ស្ដែង ដែលពួកគាត់រៀបចំផលិតផល ឲ្យត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍន៍បន្ដទៀត នៅបណ្ដាញសម្រាប់ចែកចាយ។
លោកថា សព្វថ្ងៃក្រុមហ៊ុនធានារ៉ាប់រង មានភាពជាដៃគូជាមួយនឹងធនាគារ មានការរីកសុះសាយ ក៏ប៉ុន្ដែធនាគារនីមួយៗ ក៏នឹងពង្រីកវិសាលភាព នៃការចែកចាយផលិតផលធានារ៉ាប់រងរបស់ខ្លួន មិនត្រឹមតែក្នុងទីស្នាក់ការ ឬក៏សាខានៅតាមទីប្រជុំជននោះទេ គឺនឹងពង្រីកបន្ដទៀត គ្រាន់តែត្រូវពេលវេលា។
លោក ស្វាយ សុជា នាយកប្រតិបត្ដិ ប៊េងកាសួរេន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបញ្ជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមថា វិស័យធានារ៉ាប់រង នឹងមានការរីកធំធាត់កាន់តែប្រសើរឡើងថែមទៀត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ហើយនឹងក្លាយទៅជាសសរស្ដម្ភយ៉ាងរឹងម៉ាំ នៅក្នុងវិស័យហិរញ្ញវត្ថុ»។
លោកបានបញ្ជាក់ថា អ្វីដែលវិស័យធានារ៉ាប់រង នឹងមានសន្ទុះខ្លាំងខ្លានៅពេលខាងមុខនេះ គឺផែនការយុទ្ធសាស្ដ្រផ្សារភ្ជាប់ ស្របទៅតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៦-២០២៥ នៃផែនទីបង្ហាញផ្លូវមួយ ដែលសមស្របទៅនឹងផែនការយុទ្ធសាស្ដ្រវិស័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា។
គូសបញ្ជាក់ថា សំណងធានារ៉ាប់រង ដែលក្រុមធានារ៉ាប់រង បានទូទាត់សងជូនអតិថិជន ក្នុងឆ្នាំ២០២១ មាន៤១.២លានដុល្លារអាមេរិក ក្នុងនោះ សំណងធានារ៉ាប់រងអាយុជីវិត ១០.៦លានដុល្លារអាមេរិក (សំណងលើការស្លាប់ប្រមាណ ៨.៣លានដុល្លារ), សំណងធានារ៉ាប់រងទូទៅ ២៩.៧លានដុល្លារអាមេរិក និងសំណងធានារ៉ាប់រងខ្នាតតូច ៧៦ម៉ឺនដុល្លារអាមេរិក។
មកដល់ពេលនេះ អ្នកដែលផ្ដល់សេវាធានារ៉ាប់រងផ្ទាល់ គឺក្រុមហ៊ុនធានារ៉ាប់រង មានចំនួន៣៩ក្រុមហ៊ុន ក្នុងនោះ បែងចែកជា៣ប្រភេទរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន១៤ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៧ក្រុមហ៊ុន និងក្រុមធានារ៉ាប់រងបន្ដចំនួន១។
ក្រៅពីក្រុមហ៊ុនធានារ៉ាប់រង គឺមានអន្ដរការីធានារ៉ាប់រង ដែលជាអ្នកផ្ដល់សេវាជំនួសឲ្យក្រុមហ៊ុនធានារ៉ាប់រង ដោយមានក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣១ ក្នុងនោះចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលផ្តល់សេវាភ្នាក់ងារធានារ៉ាប់រង មានចំនួន២៧។
ឆ្នាំ២០២១ បុព្វលាភធានារ៉ាប់រង មានចំនួនសរុប២៩៧.៦លានដុល្លារអាមេរិក មានកំណើន៩.៦% ធៀបនឹងឆ្នាំ២០២០។ កំណើនជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានប្រមាណ២០%៕