(ភ្នំពេញ)៖ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា សំណងធានារ៉ាប់រង ដែលក្រុមហ៊ុនធានារ៉ាប់រង បានទូទាត់សងជូនអតិថិជនជាង៤១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។
ការគូសបញ្ជាកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុយ វ៉ាថារ៉ូ ចូលរួមក្នុងកិច្ចពិភាក្សាស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមប្រធាន «ហេតុអ្វីបានជាសេវាធានារ៉ាប់រង មានសារសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ?»។
លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អ្នកដែលផ្ដល់សេវាធានារ៉ាប់រងផ្ទាល់ គឺក្រុមហ៊ុនធានារ៉ាប់រង មានចំនួន៣៩ក្រុមហ៊ុន [...] ក្នុងឆ្នាំ២០២១កន្លងទៅ សំណងធានារ៉ាប់រង ដែលក្រុមហ៊ុនធានារ៉ាប់រង បានទូទាត់សងជូនអតិថិជនមាន ៤១.២លានដុល្លារអាមេរិក»។
លោកបន្តថា សំណងធានារ៉ាប់រង ដែលក្រុមធានារ៉ាប់រង បានទូទាត់សងជូនអតិថិជន មាន៤១.២លានដុល្លារអាមេរិក ក្នុងនោះ សំណងធានារ៉ាប់រងអាយុជីវិត ១០.៦លានដុល្លារអាមេរិក (សំណងលើការស្លាប់ប្រមាណ ៨.៣លានដុល្លារ), សំណងធានារ៉ាប់រងទូទៅ ២៩.៧លានដុល្លារអាមេរិក និងសំណងធានារ៉ាប់រងខ្នាតតូច ៧៦ម៉ឺនដុល្លារអាមេរិក។
លោក ហ៊ុយ វ៉ាថារ៉ូ បានឲ្យដឹងថា មកដល់ពេលនេះ អ្នកដែលផ្ដល់សេវាធានារ៉ាប់រងផ្ទាល់ គឺក្រុមហ៊ុនធានារ៉ាប់រង មានចំនួន៣៩ក្រុមហ៊ុន ក្នុងនោះ បែងចែកជា៣ប្រភេទរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន១៤ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៧ក្រុមហ៊ុន និងក្រុមធានារ៉ាប់រងបន្ដចំនួន១។
លោកបានឲ្យដឹងថា ក្រៅពីក្រុមហ៊ុនធានារ៉ាប់រង គឺមានអន្ដរការីធានារ៉ាប់រង ដែលជាអ្នកផ្ដល់សេវាជំនួសឲ្យក្រុមហ៊ុនធានារ៉ាប់រង ដោយមានក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣១ ក្នុងនោះចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលផ្តល់សេវាភ្នាក់ងារធានារ៉ាប់រង មានចំនួន២៧។
លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា បើពិនិត្យមើលទំហំទីផ្សារយើងឃើញថា មានការរីកចម្រើនជាប្រចាំ បើទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការប្រឈមទៅនឹងជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ វិស័យផ្សេងៗជាច្រើនក៏ដោយ។
លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់ថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងទៅ រួមមាន៖ បុព្វលាភធានារ៉ាប់រង ទាំង៣ប្រភេទក្រុមហ៊ុន មានចំនួនសរុប២៩៧.៦លានដុល្លារអាមេរិក មានកំណើន៩.៦% ធៀបនឹងឆ្នាំ២០២០។ កំណើនជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានប្រមាណ២០%។
ដោយឡែកចំនួនប្រជាពលរដ្ឋ ដែលទទួលបានការពារដោយធានារ៉ាប់រង ពាក់ព័ន្ធនឹងអាយុជីវិតសុខភាព និងគ្រោះថ្នាក់បុគ្គល មានចំនួនប្រមាណ២.២លាននាក់ ក្នុងនោះធានារ៉ាប់រងអាយុជីវិតមានចំនួន១.៣ លាននាក់, ធានារ៉ាប់រងមិនមែនអាយុជិវិត មានចំនួន៥៥០ពាន់នាក់ និងធានារ៉ាប់រងខ្នាតតូចមានចំនួន ៣៨០ ពាន់នាក់ ក្នុងឆ្នាំ២០២១ កន្លងទៅមានការកើនឡើងប្រមាណ ៣២% ធៀបនឹងឆ្នាំ២០២០៕