(ភ្នំពេញ)៖ មន្រ្តីសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា តម្រូវការស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅលើទីផ្សារអន្តរជាតិនៅតែខ្ពស់ តែយ៉ាងនេះក្តីសមាគមបារម្ភថា បញ្ហាអាកាសធាតុនឹងបង្កជាឧបសគ្គ ដល់ការផលិតស្ករសម្រាប់នាំចេញ មិនគ្រប់តាមតម្រូវការទីផ្សារ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមិថុនានេះ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថាដំណើរការនាំចេញ ស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះនៅតែល្អប្រសើរ ខណៈបញ្ហារាំងស្ទះតែទីផ្សាររុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ ដែលមិនអាចនាំចេញបានដោយសារបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកបានឱ្យដឹងថា មកទល់ពេលនេះទីផ្សារប្រទេសមួយចំនួន មានតម្រូវការស្ករត្នោតប្រភេទម្សៅប្រមាណ១៥០តោន។ ប៉ុន្តែលោកបារម្ភថា ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងនេះ អាចនឹងមិនគ្រប់តាមតម្រូវការទីផ្សារនោះទេ ដោយបញ្ហាអាកាសធាតុ ដែលគិតមកទល់ពេលនេះ ការផលិតស្ករត្នោតម្ស៉ៅដែលជាស្ករសម្រាប់នាំចេញបានប្រមាណ៥៧តោនប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោករំពឹងថា ការផលិតបាននឹងឈានដល់១០០តោន នៅពេលខាងមុខ។
ឆ្លើយនឹងតម្រូវការកើនឡើងវិញ លោកបានលើកឡើងថា សមាគមនឹងពង្រីកការផលិត ជាពិសេសជំរុញពួកគាត់ផលិតស្ករម្សៅ សម្រាប់នាំចេញឱ្យបានច្រើនជាងស្ករសាច់ តាមរយៈការបង្កើនចំនួនអ្នកផលិត (អ្នកឡើងត្នោត) ឱ្យបានច្រើន។ កាលឆ្នាំមុនចំនួនអ្នកផលិតមាន១៥០នាក់ ខណៈឆ្នាំនេះចំនួនសមាជិកអ្នកផលិតស្ករត្នោតកំពង់ស្ពឺ បានកើនឡើងដល់១៥៥នាក់។លោកបានឱ្យដឹងថា ការផលិតស្ករត្នោតគ្រប់ប្រភេទនៅឆ្នាំនេះ បានប្រមាណរង្វង់ពី១៥០តោនទៅ១៧០តោន
លោកបានលើកឡើងបន្ថែមថា «ទីផ្សារតាមពិតទៅវាច្រើនដែរ គ្រាន់តែត្រួសៗ១៥០តោនដែរ ប៉ុន្តែដោយឆ្នាំនេះភ្លៀងច្រើន ភ្លៀងតាំងពីខែមីនាមក ចឹងបរិមាណវាមិនគ្រប់ឱ្យគេ សម្រាប់ស្ករម្ស៉ៅឆ្នាំនេះ យើងបានតែ៥៧តោន។ តែយើងអត់បានទាន់ចុះទៅគ្រប់ក្រុមហ៊ុនទេ រៀងរាល់ឆ្នាំយើងមានចុះទៅពិនិត្យនៅគ្រប់ក្រុមហ៊ុន យើងឆែកជាមួយក្រុមហ៊ុនថាបានប៉ុន្មានឱ្យប្រាកដដើម្បីបូកសរុបចូលគ្នា»។
ទន្ទឹមនឹងតម្រូវការកើនឡើងនេះ តម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះ បានកើនឡើងជាងឆ្នាំមុនផងដែរ។ ស្ករត្នោតប្រភេទម្សៅឆ្នាំនេះ អាចលក់ពី៧០០០រៀលទៅ៧១០០រៀល ក្នុងមួយគីឡូក្រាម កើនឡើងជាងមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ៦៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្ករសាច់ មានតម្លៃ៦៥០០រៀល ខណៈឆ្នាំមុនៗលក់បានត្រឹមតម្លៃចន្លោះពី ៥០០០ទៅ៥៥០០រៀលក្នុងមួយគីឡូក្រាម។
ជាមួយគ្នាលោករំពឹងថា ការនាំចេញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ទៅកាន់ប្រទេសរុស្ស៊ី នឹងអាចធ្វើបាននៅឆ្នាំក្រោយ ខណៈឆ្នាំនេះការនាំចេញស្ករត្នោតកំពង់ស្ពឺ ទៅកាន់ប្រទេសរុស្ស៊ី និងឥណ្ឌា ត្រូវបានរាំងស្ទះដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកថ្លែងថា កាលពីចុងឆ្នាំ២០២១ ភាគីឥណ្ឌាបានចរចាទិញស្ករត្នោតកំពង់ស្ពឺប្រមាណ១០០តោន និងដើមឆ្នាំ២០២២ រុស្ស៊ីបានចរចាទិញស្ករត្នោតពីកម្ពុជាប្រមាណ៥០តោន។ ប៉ុន្តែដោយសារតសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យដំណើរការនាំចេញទៅកាន់ប្រទេសទាំងពីរនេះ ផ្អាកទៅវិញ។
លោកបានបញ្ជាក់ថា «ដំបូងឡើយជិតចុះកុងត្រាហើយជាមួយរុស្ស៊ី យើងជជែកគ្នាអស់ហើយ ដល់ពេលកើតមានសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនមក គេក៏ស្ងាត់ហើយយើងក៏មិនទាន់បានសួរនាំបន្ថែមទៀតដែរ ប្រហែលឆ្នាំក្រោយគេចាប់ផ្តើមមកជជែកជាមួយយើងម្តងទៀត ប្រសិនបើស្ថានការណ៍ស្ងាត់វិញ។ ចំណែកឥណ្ឌាយើងជជែកគ្នាតាំងពីចុងឆ្នាំ២០២១ គេគ្រោងយក១០០តោន ប៉ុន្តែយើងអត់មានឲ្យគេ បានត្រឹមតែឱ្យគេជា Simple ចំនួន៥០០គីឡូក្រាមសាកមើលសិន ប៉ុន្តែក្រោយមកគេត្រូវការ ២០តោនសម្រាប់ឆ្នាំ២០២២នេះ តែដល់ពេលក្រោយមកក៏ស្ងាត់ដូចគ្នា។ តិច ឬច្រើន គឺដោយសារឥទ្ធិពលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន»។
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ការផលិតស្ករត្នោតកំពង់ស្ពឺ ធ្វើឡើងនៅតំបន់ចំនួនបី គឺនៅស្រុកសំរោងទង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមួយតំបន់ទៀតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
កាលពីឆ្នាំ២០២១ ការនាំចេញស្ករត្នោតកំពង់ស្ពឺ GI មានចំនួន១៥៧តោន។ ស្ករត្នោតកំពង់ស្ពឺ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុនានា ភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ។ ចំណែកការផ្គត់ផ្គង់ក្នុងស្រុក ជាប្រភេទស្ករសាច់៕