(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុ២រូប នៅក្នុងប្រទេសកម្ពុជា បានពន្យល់ពីសារសំខាន់នៃសេវាធានារ៉ាប់រង ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សា ស្ដីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»។
វាគ្មិនទាំងពីររូបនេះ រួមមាន៖ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងលោក ស្វាយ សុជា នាយកប្រតិបត្ដិ ប៊េងកាសួរេន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។
លោក ស្វាយ សុជា បានលើកឡើងថា ធានារ៉ាប់រង គឺជាកិច្ចសន្យារវាងអ្នកទិញធានារ៉ាប់រង ជាមួយអ្នកលក់ធានារ៉ាបរ់ង ដើម្បីការពារបន្ទុកហិរញ្ញវត្ថុ ដែលអាចមានហានិភ័យកើតឡើង ធ្វើឲ្យខូចខាត ឬបាត់បង់។
លោក ហ៊ុយ វ៉ាថារ៉ូ បានឲ្យដឹងថា ដើម្បីទិញអ្វីមួយពីធានារ៉ាប់រង គឺត្រូវចេះមើលអ្វីចំពោះខ្លួនឯង ថាតើទិញធានារ៉ាប់រងប្រភេទអ្វី ដោយត្រូវវិភាគថា យើងទិញធានារ៉ាបរង មកការពារលើហានិភ័យអ្វី។
លោក ហ៊ុយ វ៉ាថារ៉ូ បានបន្ថែមទៀតថា បើសិនជាយើងមិនច្បាស់ ចំពោះហានិភ័យរបស់ខ្លួន យើងអាចទៅជួបពិភាក្សាជាមួយក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដែលនៅជិត ឬខ្លួនពេញចិត្ដ ដើម្បីស្វែងយល់បន្ថែមអំពីហានិភ័យរបស់ខ្លួន។
លោក ហ៊ុយ វ៉ាថារ៉ូ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួនយើងឲ្យមានស្ថេរភាព ដែលនេះជារឿងសំខាន់ចាំបាច់ក្នុងជីវិត។
លោកថា ការទិញធានារ៉ាក់រង កុំចាត់ទុកគឺជាការចំណាយដែលអត់ប្រយោជន៍ ចាយហើយមិនបានអ្វីមកវិញ ព្រោះថា ការចំណាយទិញធានារ៉ាប់រង គឺជាការចំណាយ រក្សាផែនការហិរញ្ញវត្ថុ សំដៅធានាឲ្យបានស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួន នាពេលអនាគត ពេលមានហានិភ័យកើតឡើង៕