(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិចំនួន ២៨៣ ៦៧៥ តោន ទទួលបានទឹកប្រាក់ ១៧៣.៤៧ លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញស្រូវមានចំនួនជាង១.៦លាន ទទួលបានទឹកប្រាក់៣៩១ដុល្លារ។
ការនាំចេញអង្ករក្នុងរយៈពេល៥ខែនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន និងនាំចេញទៅកាន់ទិសដៅសំខាន់រួមមានប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧តោន ឬស្មើនឹង ៥២.៦៨% កើនឡើងចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ទន្ទឹមគ្នានេះ ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% កើនឡើង៤៩.២៦% , ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេសមានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% កើនឡើង១៧.៥៩% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%។
សម្រាប់អង្ករនាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទ បានចំនួន ៦៤.១០% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។
ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២២ នេះ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦២ ៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១។
ចំណែកការនាំចេញស្រូវក្នុងរយៈពេល៥ខែនេះដែរមានចំនួន ១ ៦៩៨ ៩០៨ តោន ដោយទទួលបានទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក៕