(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៧២គម្រោង ក្រោមទុនវិនិយោគប្រមាណ ជាង២៦០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណជាង២៦០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង។
គម្រោងវិនិយោគទាំង៧២គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា លទ្ធផលនេះ គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រោមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកដំណើរការលើគ្រប់វិស័យឡើងវិញ ក្រោយចាក់វ៉ាក់សាំងដោយជោគជ័យ។
បន្ថែមពីនោះទៀត ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា គម្រោងវិនិយោគនៅកម្ពុជា នឹងនៅតែបន្ដមានការកើនឡើង ចាប់ពីពេលនេះ រហូតដល់ឆ្នាំក្រោយៗ ដោយសារតែកម្ពុជា មានការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) លើសពីនោះទៀត កម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និងអង់គ្លេស។
គូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦.៦% នៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣៕