(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Angkor Air បានថ្លែងថា ការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឱ្យក្រុមហ៊ុនចិន នឹងជួយជំរុញឱ្យអាជីវកម្មរបស់ Cambodia Angkor Air ឲ្យមានដំណើរការកាន់តែល្អប្រសើរ ។
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន៣៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដែលធ្វើឱ្យក្រុមហ៊ុននេះ នៅសល់ ភាគហ៊ុនតែ១៤ភាគរយ ប៉ុណ្ណោះ។ ពោលគឺចាប់ពីពេលនេះទៅ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air មានម្ចាស់ភា គហ៊ុនបីប្រទេស គឺកម្ពុជា៥១% ក្រុមហ៊ុន ចិន៣៥% និងក្រុមហ៊ុនវៀតណាម១៤%។
លោក តឹករ៉េត សំរេច បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមិថុនានេះថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះបាន ចរចាលក់ភាគហ៊ុនរបស់ខ្លួន តាំងពីមុនមានការរីករាល ជំងឺកូវីដ-១៩ តែដោយសារការវិបត្តិនេះ ទើបធ្វើឱ្យការលក់ភាគហ៊ុនអូសបន្លាយរហូតមកដល់ពេលនេះ។
លោកបានបញ្ជាក់ពីហេតុផលនៃការលក់នេះយ៉ាងដូច្នេះថា «ក្នុងដំណាក់កាលដែលពិបាកបំផុត [វិបត្តិកូវីដ១៩] យើងត្រូវរកច្រកចេញ ព្រោះយើងគិតថាប្រហែលជាចប់កូវីដអ្វីៗនឹងត្រលប់មកស្រួលវិញ តែវាចប់ហើយនៅមានបញ្ហា សង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី ។ ភ្ញៀវដែលយើងគិតថាមកស្រុកខ្មែរមាន២ប្រភពទេ គឺពីចិន និងអឺរ៉ុប ហើយពីចិនមិនទាន់បើកទេ នៅបិទខ្ទប់នៅឡើយ។ យើងក៏មិនដឹងថាមិចទេ ដោយសារចិននៅតែអនុវត្តគោលនយោបាយគ្មានកូវីដ ហេតុនេះចិនមិនអាចមកកម្ពុជាបានទេ ក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំទៅមុខនេះ ហើយសង្រ្គាមនៅអ៊ុយក្រែននៅវែងណាស់។ ការជជែកគ្នាទិញភាគហ៊ុននេះយូរដែរហើយ តាំងពីមុនកូវីដឯណោះ»។
លោក តឹករ៉េត សំរេច បានអះអាងថា ក្រុមហ៊ុនចិនដែលទិញភាគហ៊ុនពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមនេះ គឺជាក្រុមហ៊ុនរដ្ឋរបស់ចិនដ៏ធំ ទី៣ ដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ហើយក្រុមហ៊ុននេះក៏មានជំនាញខាងអាកាសចរណ៍ស៊ីវិល និងមានធនធានមនុស្សពូកែផងដែរ។
លោក មានប្រសាសន៍ថា ការចូលមករបស់ក្រុមហ៊ុនចិននេះ នឹងជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ Cambodia Angkor Air ជាពិសេសត្រៀមខ្លួនទទួលភ្ញៀវចិន ក្នុងពេលដែលពួកគេបញ្ចប់វិធានរិតត្បិតកូវីដ១៩ និងបើកទូលាយឱ្យមានការធ្វើដំណើរចេញចូលដូចមុនឡើងវិញ។
លោកបន្តថា «ទីផ្សារវានៅចង្អៀតមិនអាចវិភាគបានទេ ប៉ុន្តែសង្ឃឹមថាទីផ្សារវានឹងទូលាយជាងមុន ហើយទេសចរមានការហោះហើរកើនឡើងក្នុងរយៈពេលទៅមុនទៅទៀត។ រង់ចាំមើលចិនដែលគេបើកពេលណាវានឹងធូរហើយ តែបើមិនបើកនឹងពិបាក ព្រោះសង្រ្គាមអ៊ុយក្រែនវានៅវែងឆ្ងាយ យើងពឹងផ្នែកលើចិនសិន»។
បើតាមលោក តឹករ៉េត សំរេច បច្ចុប្បន្ននេះ ប្រតិបត្តិការហោះហើររបស់ Cambodia Angkor Air ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ សម្រាប់ទិសដៅក្នុងស្រុក និង ពីភ្នំពេញ-សៃហ្កន វៀតណាម មានមួយជើងក្នុងមួយសប្តាហ៍ ហើយសម្រាប់ទិសដៅ ពីភ្នំពេញទៅក្វាងចូវ និងចិនចូវប្រទេសចិន។
គួរជម្រាបថា កាលពីឆ្នាំ២០០៩ ក្រុមហ៊ុន Vietnam Airlines បានទិញភាគហ៊ុនរបស់ Cambodia Angkor Air ចំនួន៤៩ភាគរយ ។ លោក តឹករ៉េត សំរេច បានលើកឡើងថា ភាគហ៊ុនដែលនៅសលើ១៤% មិនទាន់សម្រេចថា នឹងលក់នៅពេលណានោះទេ ៕