(ភ្នំពេញ)៖ ខណៈកម្ពុជា និងពិភពលោកកំពុងរងផលប៉ះពាល់ពីកើនឡើងនៃតម្លៃសាំង ដោយសារឥទ្ធិពលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន រាជរដ្ឋាភិបាល និងវិស័យឯកជនបាន ឧបត្ថម្ភធនលើការបញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ដល់៦.៥សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីទប់កុំឱ្យតម្លៃប្រេងឡើងខ្ពស់ខ្លាំង ពោលគឺចុះពី ៥ ៩១៤រៀល មក ៥ ៦៥០រៀល និងប្រេងម៉ាស៊ូតពីតម្លៃ ៥ ៨១៤រៀល មក ៥ ៥៥០រៀលក្នុងដើមខែនេះ ។
លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបញ្ចុះតម្លៃប្រេងសាំង រហូតដល់៦.៥សេនដុល្លារក្នុងមួយលីត្រនេះ គឺដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មនានា។
លោកថ្លែងថា «កាលពីប៉ុន្មានឆ្នាំមុន ដោយសារប្រេងឡើងថ្លៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចជួយឧបត្ថម្ភ២សេនដុល្លា និងក្រុមហ៊ុននាំចូលប្រេងជួយ២សេនដុល្លារ សរុបគឺ ៤សេនដុល្លារ ក្នុងការបញ្ចុំតម្លៃប្រេងក្នុងមួយលីត្រ។ ថ្មីៗនេះ ដោយសារតែថ្លៃប្រេងបន្តឡើងយ៉ាងគំហុក រាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបញ្ចុះ ១.៥ សេនទៀត ហើយវិស័យឯកជនក៏ជួយឧបត្ថម្ភ ១សេនបន្ថែមទៀត ធ្វើឱ្យថ្លៃប្រេងត្រូវបានបញ្ចុះ ៦.៥សេនក្នុងមួយលីត្រ។ នេះជាលទ្ធភាពដែលរាជរដ្ឋាភិបាលអាចធ្វើបាន ក្នុងការជួយសម្រាលការលំបាករបស់ប្រជាជន»។
លោកបញ្ជាក់ថា នៅពេលប្រេងសាំងចុះមកក្រោម ៩០ដុល្លារក្នុងមួយបារ៉ែល និងម៉ាស៊ូតចុះមកក្រោម ១០០ដុល្លារមួយបារ៉ែល នោះថ្លៃជួយសំរាលបន្ទុកនឹងចុះពី ៦.៥សេន មក៤សេនវិញ។
តាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០១ ខែមិថុនា ប្រេងនៅលើទីផ្សារអន្តរជាតិជាមធ្យមក្នុងរយៈពេល៧ថ្ងៃ (ពីថ្ងៃទី២៣ដល់ថ្ងៃទី៣១ ខែឧសភា) មានតម្លៃ១៤៤ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឱ្យតម្លៃប្រេងលក់រាយពីថ្ងៃទី១ ដល់ថ្ងៃទៅ១០ខែមិថុនា មានតម្លៃ៥៩១៤រៀល និងប្រេងម៉ាស៊ូត ៥៨១៤រៀល។ តាមរយៈការឧបត្ថម្ភធននេះ ប្រេងសាំងធម្មតាលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ មានតម្លៃ ៥ ៦៥០ រៀលក្នុង១លីត្រ កើនឡើង៥០រៀល បើធៀបនឹងកាលពី១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតបានឡើងដល់ ៥ ៥៥០ រៀលក្នុង១លីត្រ កើនឡើង១៥០ រៀល ។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នេះជាការរួមចំណែកយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលជាការជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋឱ្យបានធូរស្រាលជាងមុន ក្នុងពេលដែលតម្លៃប្រេងកើនឡើងជាបន្តបន្ទាប់នេះ។
លោកបន្តថា រាជរដ្ឋាភិបាលតែងតែអន្តរាគមន៍ទៅលើតម្លៃប្រេង និងទំនិញផ្សេងៗ ហើយប្រសិនបើរាជរដ្ឋាភិបាល មានលទ្ធភាពបន្ថែម ក្នុងកម្រិតណាមួយ រាជរដ្ឋាភិបាលនឹងបន្តជួយឧបត្ថម្ភធនច្រើនជាងនេះបន្ថែមទៀត ទៅលើការចំណាយទិញប្រេងសាំង។ កិច្ចការចំពោះមុខនាពេលបច្ចុប្បន្ននេះ ដែលរដ្ឋាភិបាលត្រូវធ្វើ គឺធ្វើយ៉ាងណាធានានូវសន្និធិប្រេង នៅក្នុងស្តុកសម្រាប់ការប្រើប្រាស់វិលជុំក្នុងមួយឆ្នាំ ដើម្បីកុំឱ្យមានវិបត្តិសន្និធិប្រេង ជៀសវាងការ ឡើងថ្លៃ ហើយប្រឈមនឹងកង្វះប្រេងប្រើប្រាស់ទៀត ករណីដូចនៅប្រទេសមួយចំនួនដូចជាស្រីលង្ការ ឡាវ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានពន្យល់ «ត្បិតតែយើងមើលឃើញថាតម្លៃនេះ មានលក្ខណៈបន្តិចបន្តួច ក្នុងរង្វង់ជាង២០០រៀលទៅ៣០០រៀល ប៉ុន្តែបើសិនជាយើងគុណចំនួនច្រើនទៅ ទឹកប្រាក់ទាំងអស់នេះ ក៏មានបរិមាណច្រើនគួរសម ហើយបើគិតជាសរុបក្នុងរយៈពេលមួយឆ្នាំៗ មានន័យថាទឹកប្រាក់ទាំងនេះ មានចំនួនច្រើនណាស់ដែលរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគាត់។[....] ជារួម ថវិកាចំណាយទាំងអស់របស់រដ្ឋ និងឯកជនដែលបានឧបត្ថម្ភនេះ គឺជាតម្លៃមួយដែលល្អ ហើយជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់គិត បើសិនជាក្នុងអំណេះតទៅក្នុងលទ្ធភាពកម្រិតណាថែមទៀត រាជរដ្ឋាភិបាលនឹងច្នៃជួយទៅតាមភាពជាក់ស្តែងដែលអាចធ្វើទៅកើត»។
លោកយល់ថា ប្រសិនបើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែអូសបន្លាយ ហើយប្រទេសដែលជាសមាជិក OPEC មិនបង្កើនផលិតកម្មទេ តម្លៃប្រេងនឹងបន្តកើនឡើង ខណៈប្រទេសទាំងនេះ ក៏កំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលពិបាកក្នុងការផលិត ដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេង នៅលើពិភពលោកនៅទ្រឹង ៕