(បាងកក)៖ សមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងនៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងណាមួយរវាងប្រទេសថៃនិងវៀតណាមដើម្បីដំឡើងថ្លៃអង្ករនឹង «មិនអាចទៅរួច» ទេ ដែលការលើកឡើងនេះផ្ទុយទៅនឹងផែនការដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលថៃឱ្យមានការសហការគ្នាជាមួយវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលថៃរួមជាមួយនឹងវៀតណាមគ្រោងបង្កើតកិច្ចព្រមព្រៀមមួយរវាងប្រទេសអ្នកនាំចេញអង្ករធំទីពីរ និងទីបីរបស់ពិភពលោកនេះ ដើម្បីបង្កើនអំណាចចរចារបស់ពួកគេ និងជួយកាត់បន្ថយការកើនឡើងថ្លៃដើមផលិតកម្ម។
វៀតណាមមិនទាន់បញ្ជាក់នៅឡើយទេថាតើផែនការនេះកំពុងត្រូវបានពិភាក្សាឬយ៉ាងណា។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបាននិយាយថា ស្ថាប័នរបស់លោកមិនត្រូវបានពិគ្រោះទេ ហើយគំនិតនេះត្រូវបានគិតមិនល្អ។ លោក Chookiat បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ថៃ និងវៀតណាមមិនមែនជាអ្នកនាំចេញធំជាងគេទេ បូកបញ្ចូលគ្នាវាតិចជាងឥណ្ឌា ហើយអ្នកទិញនឹងងាកទៅទិញពីគូប្រកួតប្រជែងផ្សេងទៀត»។
លោកបន្ថែមថា អង្ករមិនអាចរក្សាទុកបានយូរល្មមដើម្បីរង់ចាំតម្លៃឱ្យកើនឡើងបានទេ។ លោកមានប្រសាសន៍ថា៖ «អ្នកនយោបាយមិនយល់ពីទីផ្សារអង្ករ ហើយមិនបានពិភាក្សារឿងនេះជាមួយសមាគម»។
ការអត្ថាធិប្បាយរបស់លោកគឺស្រដៀងទៅនឹងប្រធានសមាគមស្បៀងអាហាររបស់ប្រទេសវៀតណាមផងដែរ ដែលកាលពីសប្តាហ៍មុនបាននិយាយថា ការដំឡើងថ្លៃនៅក្នុងពេលមានភាពមិនប្រាកដប្រជានៃស្បៀងអាហារពិភពលោកនឹងមិនសមហេតុផលទេ។
ក្រសួងកសិកម្មរបស់ប្រទេសថៃ និងវៀតណាម មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេកាលពីថ្ងៃចន្ទ។
ប្រទេសឥណ្ឌាដែលជាអ្នកនាំចេញអង្ករច្រើនជាងគេលើពិភពលោករបស់ ផ្កត់ផ្គង់អង្ករប្រហែល ៤០% នៃការផ្គត់ផ្គង់ពិភពលោក ហើយតម្លៃអង្ករបានធ្លាក់ចុះទាបក្នុងរយៈពេល ៥ឆ្នាំកាលពីសប្តាហ៍មុន ដោយសារប្រាក់រូពីឥណ្ឌាធ្លាក់ថ្លៃ និងការផ្គត់ផ្គង់ដ៏ច្រើនក្នុងចំណោមប្រទេសនាំចេញអង្ករនានា។ ក្រុមមន្ត្រីឥណ្ឌាបានឱ្យដឹងកាលពីសប្តាហ៍មុន ប្រទេសឥណ្ឌាមិនមានផែនការដាក់កម្រិតដល់ការនាំចេញអង្ករឡើយ។
ក្រុមឈ្មួញអង្ករបាននិយាយកាលពីថ្ងៃចន្ទថា អង្ករសប្រភេទបាក់ ៥% របស់ឥណ្ឌាមានតម្លៃថោកជាង អង្កររបស់វៀតណាម ៥០ដុល្លារក្នុងមួយតោន និងថោកជាងប្រទេសថៃ ១០០ដុល្លារ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាមបាននាំចូលអង្ករឥណ្ឌាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងស្រាបៀរ និងចំណីសត្វ។
ឈ្មួញម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងម៉ុមបៃបានថ្លែងរ៉យទ័រថា៖ «យន្តការតម្លៃនឹងមិនដំណើរការទេបើគ្មានការចូលរួមពីឥណ្ឌា។ អង្ករឥណ្ឌាមានតម្លៃថោកជាងឆ្ងាយណាស់... ប្រសិនបើអ្នកផ្សេងទៀតឡើងថ្លៃ នោះវាជារឿងធម្មតាសម្រាប់អ្នកទិញក្នុងការផ្លាស់ប្តូរទៅទិញអង្ករពីប្រទេសឥណ្ឌាវិញ»។
ឈ្មួញរូបនេះបានបន្ថែមថា វៀតណាម និងថៃបានបាត់បង់ចំណែកទីផ្សារ ហើយនឹងត្រូវកាត់បន្ថយតម្លៃដើម្បីដណ្តើមចំណែកទីផ្សារយកមកវិញ។
ពាណិជ្ជករមួយរូបនៅទីក្រុងហូជីមិញបាននិយាយថា ការបង្កើតក្រុមប្រទេសនាំចេញអង្ករណាមួយមិនទំនងជាផ្តល់ជា «ទស្សនៈផ្សេងគ្នាច្រើនទេលើបញ្ហានេះទេ» និងដោយសារតែប្រទេសទាំងពីរមិនមែនជាអ្នកនាំចេញអង្ករធំបំផុត។
ពាណិជ្ជកររូបនេះបាននិយាយថា៖ «ប្រសិនបើឥណ្ឌាទប់ស្កាត់ការនាំចេញ តម្លៃនឹងកើនឡើងដោយមិនចាំបាច់មានការបង្កើតក្រុមប្រទេសនាំចេញអង្កររវាងប្រទេសថៃ និងវៀតណាម»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកថា វៀតណាមនិងថៃមានផលិតកម្មស្រូវប្រហែល ១០% នៃផលិតកម្មស្រូវពិភពលោក និងនាំចេញអង្ករប្រហែល ២៦% នៃការនាំចេញសកល៕