(បាងកក)៖ រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារបានស្នើសុំការចំណាយខ្ពស់ជាងមុនរហូតដល់ ៣,១៨៥ទ្រីលានបាត (៩៣,២៤ប៊ីលានដុល្លារ) នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចដែលកំពុងស្ទុះងើបយឺត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេចក្តីព្រាងច្បាប់ថវិកានេះដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភា គម្រោងចំណាយខ្ពស់ជាងមុន ២,៧៤ភាគរយធៀបនឹងឆ្នាំបច្ចុប្បន្ន ហើយឱនភាពថវិកាធ្លាក់ចុះ ០,៧ភាគរយមកនៅត្រឹម ៦៩៥ប៊ីលានបាត ឬប្រហែល ៣,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។
ស្ថាប័នរៀបចំផែនការថវិកាបានសន្មត់ថា សេដ្ឋកិច្ចធំទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងកើនឡើងពី ៣,៥ភាគរយទៅ ៤,៥ភាគរយនៅឆ្នាំនេះ និង ៣,២ភាគរយដល់ ៤,២ភាគរយនៅឆ្នាំក្រោយ ដែលត្រូវបានជំរុញដោយការកើនឡើងតម្រូវការក្នុងស្រុក និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
ទោះជាយ៉ាងណា ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋមួយនេះនាពេលថ្មីៗនេះបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចមកនៅត្រឹមពី ២,៥ភាគរយទៅ ៣,៥ភាគរយនៅឆ្នាំនេះ ដោយសារការប្រែប្រួលជាសកល។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីថៃ ខណៈថ្លែងទៅកាន់សភាដែលមានផែនការជជែកដេញដោលអំពីតួលេខបឋមនៃច្បាប់ថវិកានេះរហូតដល់ថ្ងៃព្រហស្បតិ៍ថា៖ «ក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយសារពើពន្ធបែបពង្រីកដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។
លោកបានបន្ថែមថា នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងប្រសើរឡើងជាបណ្តើរៗ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងការទប់ស្កាត់ការរាតត្បាតជំងឺ។
ថវិកានេះមានសារៈសំខាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Prayuth ពីព្រោះការខកខានក្នុងការឯកភាពគ្នាលើតួលេខបឋមនៃសេចក្តីព្រាងច្បាប់នេះអាចបង្ខំឱ្យលោកលាលែងពីតំណែង ឬរំលាយសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕