(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងបើដឹងថា បើទោះបីជាតម្លៃដែក និងសម្ភារៈសំណង់ផ្សេងៗហក់ឡើងថ្លៃខ្លាំងក៏ដោយ ក៏តម្លៃលំនៅឋានដែលបានដាក់លក់មិនអាចដំឡើងថ្លៃតាមបាននោះទេ ខណៈការលក់លំនៅដ្ឋាននៅកម្ពុជា បានធ្លាក់ចុះគួរកត់សម្គាល់។
ចាប់តាំងពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងបង្កឱ្យតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភានេះ អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា ក្នុងពេលដែលតម្លៃសម្ភារៈសំណង់ផ្សេងៗកំពុងឡើងថ្លៃខ្ពស់ ប៉ុន្តែសម្រាប់គម្រោងលំនៅឋា នដែលបានដាក់លក់ ទាំងគម្រោងចាស់ និងគម្រោងថ្មី មិនអាចដាក់លក់ដំឡើងថ្លៃតាមវត្ថុធាតុដើមនៃសំណង់នោះទេ ព្រោះបើដំឡើងថ្លៃលក់នឹងធ្វើឱ្យអ្នកទិញរារែកចិត្ត។
អ្នកឧកញ៉ាបានបញ្ជាក់ថា ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យការលក់លំនៅឋានកាន់តែតឹងតែង បណ្តាលឱ្យការលក់ គម្រោងលំនៅដ្ឋាននៅឆ្នាំនេះធ្លាក់ចុះផងដែរ។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា «ទំនិញវាឡើងថ្លៃ តម្លៃសំណង់វាឡើងថ្លៃ ដោយសារការដឹកជញ្ជូនឡើងថ្លៃ ដែលជាការប៉ះពាល់ដល់ការសាងសង់ បើផ្ទះយើងលក់ ហើយកំពុងសាងសង់យើងអត់អាចដំឡើងថ្លៃបានទេ ដោយឡែកគម្រោងថ្មីៗក៏ពិបាកក្នុងការដំឡើងផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យយើងក៏រៀងពិបាកដែរ ដោយសារស្ថានភាពផលប៉ះពាល់ជាទូទៅពាក់ព័ន្ធនឹងសេដ្ឋកិច្ចសកល។ វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែង វាធ្វើឱ្យប៉ះពាល់ទាំងអស់ កាលណាប៉ះពាល់ដល់សេដ្ឋកិច្ចសកល ការលក់ក៏វារៀងតឹងតែងដូចគ្នា បើយើងឡើងថ្លៃខ្ពស់ពេក យើងលក់អត់បានទេ ជាទូទៅលក់ដដែល គ្រាន់តែបាត់បង់ការចំណេញ។ បើយើងគិតថារបស់ថ្លៃ យើងលក់ថ្លៃដែរ សួរថាលក់បានដែរឬអត់?»។
អ្នកឧកញ៉ាបន្តថា គម្រោងសាងសង់ដែលចេញរួចហើយ មិនមានគម្រោងណាពន្យារសាងសង់នោះទេ ប៉ុន្តែបើគម្រោងថ្មី គេអាចនឹងពិចារណាក្នុងការពន្យារបើកលក់សិន។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ នឹងជំរុញឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។
លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូលក់ដែក និងគ្រឿងសំណង់ តុង ធារី ដែលបាននាំចូលសម្ភារៈសំណង់ពីក្រៅប្រទេស បានឱ្យដឹងថា ចាប់តាំងពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានឱ្យធ្វើឱ្យតម្លៃសម្ភារៈសំណង់ផ្សេងឡើងថ្លៃយ៉ាងខ្លាំង ជាងពិសេសដែក ដែលធ្វើឱ្យការលក់របស់លោកធ្លាក់ចុះពី៥០ ទៅ៦០% ព្រោះតែអ្នកសាងសង់មួយចំនួនកាត់បន្ថយការទិញ ។
ទោះជាយ៉ាងនេះក្តី លោកកត់សម្គាល់ថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជារដូវកាលបោះឆ្នោត តម្លៃដែក និងគ្រឿងសំណង់ផ្សេងៗបានធ្លាក់ចុះបន្តិចវិញ។ ជាក់ស្តែងដែកសរសៃរដែលគេប្រើសម្រាប់ចាក់ធ្នឹម បានធ្លាក់ចុះមកតម្លៃជាង៩០០ដុល្លារក្នុងមួយតោន ខណៈដែលកាលពីមួយខែមុនមានតម្លៃរហូតជាង ១ពាន់ដុល្លារក្នុងមួយតោន។
យោងតាមរបាយការព៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ការនាំចូលដែក និងដែកថែប មានតម្លៃ១១៩លានដុល្លារ កើនឡើង១៩%៕