(ហាណូយ)៖ ការកើនឡើងតម្លៃប្រេងសាំង អាហារ និងទំនិញមួយចំនួនផ្សេងទៀតបានធ្វើឱ្យសន្ទស្សន៍តម្លៃប្រើប្រាស់កើនឡើង ២,៨៦ភាគរយក្នុងខែឧសភា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាមថា តម្លៃប្រេងសាំងសកលបានកើនឡើង ខណៈដែលការកើនឡើងការចំណាយលើវត្ថុធាតុដើម និងទំនិញផ្សេងៗទៀតបានជំរុញឱ្យមានកំណើនតម្លៃម្ហូបអាហារ។
អតិផរណាក្នុងរយៈពេលប្រាំខែដំបូងមានអត្រា ២,២៥ភាគរយធៀបនឹង ១,២៩ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ធនាគារ Standard Chartered រំពឹងថា អតិផរណារយៈពេលពេញមួយឆ្នាំមានអត្រា ៤,២ភាគរយនៅឆ្នាំ២០២២ និង ៥,៥ភាគរយនៅឆ្នាំ២០២៣។
សេដ្ឋវិទូមួយចំនួនក៏បានលើកឡើងផងដែរថា វានឹងពិបាកក្នុងការទប់ស្កាត់អតិផរណាឱ្យមកនៅក្រោមអត្រាគោលដៅ ៤ភាគរយដោយសារតែតម្លៃទំនិញផ្សេងៗកើនឡើងកាន់តែខ្ពស់ ជាពិសេសប្រេងសាំងដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។
កាលពីឆ្នាំមុន អតិផរណាមានអត្រា ១,៨ភាគរយដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំ៕ នេះបើយោងតាមកាសែត VN Express៕