(ព្រុចសែល)៖ សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យបានបរាជ័យក្នុងការឯកភាពគ្នាលើការហាមឃាត់ពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ប៉ុន្តែអ្នកការទូតនឹងនៅតែព្យាយាមបង្កើតឱ្យមានវឌ្ឍនភាពមុនកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទដល់ថ្ងៃអង្គារស្តីពីការលើកលែងការចែកចាយថាមពលតាមបំពង់បង្ហូរថាមពលទៅកាន់បណ្តាប្រទេសអឺរ៉ុបកណ្តាលមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទោះបីជាយ៉ាងណា អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានឱ្យដឹងថា «នៅមានព័ត៌មានលម្អិតជាច្រើនដែលត្រូវគិតគូ» ដោយសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ មុនពេលមេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នានៅទីក្រុងព្រុចសែលនៅថ្ងៃចន្ទនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទណ្ឌកម្មដែលត្រូវបានស្នើឡើងលើការនាំចូលប្រេងរុស្ស៊ីគឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទីប្រាំមួយរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីដោយសារការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន។
កញ្ចប់ទណ្ឌកម្មនេះរួមមានទាំងការកាត់ផ្តាច់ធនាគារធំជាងគេរបស់រុស្ស៊ី Sberbank ចេញពីប្រព័ន្ធផ្ញើប្រាក់ SWIFT ការហាមប្រាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីសហភាពអឺរ៉ុប និងការបន្ថែមមនុស្សថែមទៀតទៅក្នុងបញ្ជីបុគ្គលដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក ហើយដែលមិនអាចចូលទៅក្នុងសហភាពអឺរ៉ុបបាន។
កញ្ចប់ទណ្ឌកម្មទាំងមូលត្រូវបានជំទាស់ដោយប្រទេសហុងគ្រី ដែលនិយាយថា ការហ៊ុមព័ទ្ធពាណិជ្ជកម្មប្រេងនឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ព្រោះប្រទេសនេះមិនអាចទទួលបានប្រេងពីប្រភេទផ្សេងទៀតដោយងាយស្រួលឡើយ។ ស្លូវ៉ាគី និងសាធារណរដ្ឋឆេកបានសម្ដែងការព្រួយបារម្ភស្រដៀងគ្នានេះដែរ។
ការពិភាក្សាស្តីពីការហាមឃាត់ពាណិជ្ជកម្មប្រេងរុស្ស៊ីនេះបានបន្តអស់រយៈពេលមួយខែមកហើយដោយមិនមានការរីកចម្រើនទៅមុខនៅឡើយ ហើយមេដឹកនាំអឺរ៉ុបមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងមួយសម្រាប់កិច្ចប្រជុំកំពូលរបស់ពួកគេ ដើម្បីជៀសវាងការមើលទៅឃើញមានការមិនចុះសម្រុងគ្នាក្នុងការឆ្លើយតបរបស់ខ្លួនទៅនឹងទីក្រុងម៉ូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕