(បុមបៃ)៖ ប្រទេសឥណ្ឌាបានដាក់កំហិតលើការនាំចេញស្ករសជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ ដោយកំណត់ការនាំចេញនៅរដូវកាលនេះចំនួន ១០លានតោន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនផលិតស្ករសបានលក់ក្នុងបរិមាណដ៏ច្រើននៅលើទីផ្សារពិភពលោក។ នេះបើយោងតាមតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់លិខិតបទបញ្ជាមួយដែលចេញដោយរដ្ឋាភិបាលឥណ្ឌាថា រដ្ឋាភិបាលក៏បានស្នើឱ្យក្រុមហ៊ុននាំចេញស្នើសុំការអនុញ្ញាតសម្រាប់ការនាំចេញទៅក្រៅប្រទេសណាមួយនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែតុលាផងដែរ។

ឥណ្ឌាគឺជាប្រទេសផលិតស្ករធំជាងគេក្នុងពិភពលោក និងជាប្រទេសនាំចេញធំទីពីរបន្ទាប់ពីប្រទេសប្រេស៊ីល។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របបានរាយការណ៍ក្នុងខែមីនាថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការទប់ស្កាត់ការនាំចេញស្ករស ដើម្បីរក្សាតម្លៃក្នុងស្រុក និងធានាបាននូវស្ថិរភាពផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក។

តម្លៃស្ករសគោលនៅទីក្រុងឡុងដ៍បានកើនឡើងច្រើនជាង ១% បន្ទាប់ពីការសម្រេចចិត្តរបស់ឥណ្ឌានេះ។

ក្រុមហ៊ុនជួញដូរមួយដែលមានមូលដ្ឋាននៅទីក្រុងបុមបៃដែលធ្វើការងារជាមួយក្រុមហ៊ុនទិញលក់ស្ករសលំដាប់ពិភពលោកមួយបានឱ្យដឹងថា៖ «រដ្ឋាភិបាលមានការព្រួយបារម្ភអំពីអតិផរណាម្ហូបអាហារ ហើយនោះជាមូលហេតុដែលរដ្ឋាភិបាលកំពុងព្យាយាមធានាឱ្យបាននូវការផ្គត់ផ្គង់ស្ករសគ្រប់គ្រាន់ក្នុងប្រទេស ដើម្បីផ្គត់ផ្គង់ដល់រដូវកាលបុណ្យទាន»

ក្រុមហ៊ុននាំចេញនានាក៏បាននិយាយផងដែរថា ការសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញស្ករសចំនួន ១០លានតោននឹងជួយឥណ្ឌាលក់ស្ករក្នុងបរិមាណដ៏ច្រើនសមរម្យមួយនៅលើទីផ្សារពិភពលោក។

ដំបូងឡើយ ប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយការនាំចេញស្ករសមកនៅត្រឹមចំនួន ៨លានតោន ប៉ុន្តែក្រោយមករដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតដំឡើងដល់ ១០លានតោនវិញ ដោយសារទិន្នផលស្ករសត្រូវបានប៉ាន់ស្មានថានឹងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕