(ភ្នំពេញ)៖ កត្តាអាកាសធាតុបូករួមរដូវវស្សាបានឈានចូលមកដល់ បានធ្វើឲ្យមេឃធ្លាក់ភ្លៀងខ្លាំង បណ្ដាលឲ្យការផលិតអំបិលឆ្នាំនេះ ទទួលបានទិន្និផលតិចតួចបើធៀបនឹងឆ្នាំ២០២១។ បញ្ហាអាកាសធាតុនេះ ជំរុញឲ្យការផ្គត់ផ្គង់អំបិលប្រឈមការខ្វះខាត នឹងអាចនាំចូលអំបិលមកពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការ។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា ការផលិតអំបិលត្រូវបានបញ្ចប់នៅខែឧសភានេះ ដោយសម្រេចបានជិត៣ម៉ឺនតោនប៉ុណ្ណោះ ខណៈអំបិលក្នុងស្ដុកមានចន្លោះ២-៣ពាន់តោនប៉ុណ្ណោះ។ ចំពោះបរិមាណអំបិលជិត៣ម៉ឺនតោននេះ មិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ឡើយ តម្រូវឲ្យមានការនាំចូល។

លោកបានបន្ដថា «ចំពោះបរិមាណអំបិលប្រមាណ ៣ម៉ឺនតោននេះ មិនអាចផ្គត់ផ្គង់ត្រូវការក្នុងស្រុកបានគ្រប់គ្រាន់នោះទេ ដោយបច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យក្រុមហ៊ុនធ្វើការនាំចូលអំបិល ដើម្បីមកផ្គត់ផ្គង់ក្នុងស្រុក»

សូមជម្រាបថា ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអបិលនៅកម្ពុជា ដោយអំបិលចាប់ផ្ដើមផលិតនៅចុងខែធ្នូ រហូតដល់ខែឧសភា ចំណែកផ្ទៃដីសម្រាប់ផលិតអំបិលវិញ គិតនៅក្នុងខេត្តកំពត មានចំនួន៣,៧២៦.០២ហិចតា។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានប្រឈមការខ្វះខាតអំបិល និងបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។

នៅក្នុងឆ្នាំ២០២១ ផ្ទៃដីដែលបានផលិតអំបិលមានទំហំ ២ ៨៥៧.២៣ហិចតា ផលិតបានសរុបចំនួន៦៨ ៦៨២ តោន៕