(បាងកក)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Koichi Hagiuda បានឱ្យដឹងថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃអាទិត្យបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួមមួយដោយសារការខ្វែងគំនិតគ្នាជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Hagiuda បានថ្លែងថា លទ្ធផលនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងបាងកក ដែលផ្តោតលើការលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងសម័យជំងឺកូវីដ-១៩ នឹងចេញផ្សាយដោយសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំជំនួសវិញ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Hagiuda ខណៈថ្លែងទៅកាន់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំថា៖ «មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅពេលនិយាយអំពីការសម្របសម្រួលការប្រើប្រាស់ពាក្យ [ក្នុងសេចក្តីថ្លែងការណ៍] ទៅលើប្រទេសរុស្ស៊ីក្នុងចំណោមសមាជិក»

យោងតាមក្រុមមន្ត្រីផ្សេងទៀត កិច្ចប្រជុំនេះដែលត្រូវបានចូលរួមដោយអ្នកតំណាងមកពីប្រទេសចំនួន២១ ដែលបង្កើតបានជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ក៏បានពិភាក្សាផងដែរអំពីបញ្ហានានាដែលរួមមានទាំងសន្តិសុខស្បៀង តម្លៃថាមពលខ្ពស់ និងខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំង។

ជាសញ្ញានៃការតវ៉ាទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អ្នកតំណាងកំពូលមកពីប្រទេសជប៉ុន អូស្ត្រាលី កាណាដា ណូវែលសេឡង់ និងសហរដ្ឋអាមេរិកបានដើរចេញនៅពេលដែលលោក Maksim Reshetnikov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ីថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit កាលពីថ្ងៃអាទិត្យបានអំពាវនាវដល់រដ្ឋមន្ត្រីពាណិជ្ជកម្មទាំងអស់របស់ Apec ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងវិបត្តិ និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នបន្ថែមទៀតនាពេលអនាគត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕