(ភ្នំពេញ)៖ មន្រ្តី និងកសិករដាំដំឡូងមី បានឱ្យដឹងថា ទីផ្សារដំឡូងមីនៅឆ្នាំនេះ មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ទាំងការនាំចេញ និងតម្លៃ ដោយតម្លៃបានកើនឡើងចន្លោះពី២០ទៅ៥០រៀល ក្នុងមួយគីឡូក្រាម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផលដំឡូងមីជាង១.៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះនាំចេញចំណិតដំឡូងមីក្រៀម មានចំនួន ១ ៣៧១ ៥៩០តោន កើនឡើង១៦.៥៣%, ដំឡូងមីស្រស់មានចំនួន ៤១១ ៧០០តោន កើនឡើង៣៣.៧៨%, ម្សៅដំឡូងមី ៣២ ៤៩៦តោន កើនឡើង១០០% និងកាកសំណល់ដំឡូងមី ចំនួន ជា៦ ៥៨៩តោន កើនឡើង១០០%។

ប្រទេសវៀតណាម និងថៃ ជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដែលបាននាំចេញដំឡូងមីក្រៀម និងដំឡូងមីស្រស់ ចំណែកអាមេរិក ណេដឺឡែន និងអ៊ីតាលី បាននាំចូលម្សៅដំឡូងមី។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភានេះ ទីផ្សារដំឡូងមីនៅឆ្នាំនេះល្អប្រសើរជាងឆ្នាំមុនបន្តិច ខណៈដែលទំហំផ្ទៃដីដំឡូងមីនៅខេត្តបាត់ដំបង នៅឆ្នាំនេះកើនឡើងជាងឆ្នាំមុន ដោយកសិករមួយចំនួនបានបង្វែរពីការដាំពោត មកដាំដំឡូងមីវិញ។

លោកបានឱ្យដឹងថា សម្រាប់នៅខេត្តបាត់ដំបងឆ្នាំនេះ ផលិតបានប្រមាណជាង៣លាន២សែនតោន ក្នុងនោះ៦៥% ទៅ៧០% បាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ។ សម្រាប់តម្លៃវិញ ដំឡូងមីស្រស់តម្លៃប្រមាណ២៤០រៀល ក្នុងមួយគីឡូក្រាម។

លោកប្រាប់បន្តថា «តម្លៃល្អជាងឆ្នាំចាស់ កើនឡើងចន្លោះពី២០រៀលទៅ៥០រៀល។ កសិករមួយចំនួនគាត់ប្តូរពីដាំពោតមកដំឡូងមីវិញ។ រាល់លើកយើងមានកសិករដាំពោត ប្រហែលជា១០ម៉ឺនហិកតា ធ្លាក់នៅសល់៨ម៉ឺន៥ពាន់ហិកតា ដំឡូងមីយើងធ្លាប់ដាំតែ ១០ម៉ឺនហិកតា ឡើងដល់ជាងពី១២ ទៅ១៣ម៉ឺនហិកតា»

រដូវប្រមូលផលដំឡូងមី ចាប់ផ្តើមពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ។

លោក វេង សៀងហៃ កសិករដាំដំឡូងមីនៅខេត្តកំពង់ធំ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ទីផ្សារ និងតម្លៃដំឡូងមីឆ្នាំនេះ គឺភាពល្អប្រសើរ និងមានលំនឹងជាងឆ្នាំមុន ដោយដំឡូងមីស្រស់ ក្នុងមួយគីឡូក្រាម លោកបានលក់ឱ្យឈ្មួញ ដែលនាំចេញទៅវៀតណាម បានតម្លៃពី៣២០រៀល ទៅ៣៥០រៀល ខណៈដំឡូងក្រៀម អាចលក់បានជាង៧០០រៀលក្នុងមួយគីឡូក្រាម ក្នុងពេលប្រផលដើមដៃ ហើយបច្ចុប្បន្នបានកើនឡើងដល់ជាង៩០០រៀលក្នុងមួយគីឡូ។

តែទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ កសិករហាក់មិនទទួលបានផលចំណេញនោះទេ ដោយសារតែមិនអាចទប់ទល់នឹងជាមួយនឹងការឡើងថ្លៃ នៃតម្លៃជីថ្នាំកសិកម្ម និងកម្លាំងពលកម្ម៕