(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនវត្តមានរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមមកកាន់តំបន់នេះ។ នេះបើយោងតាមបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូរបស់ខ្លួននឹងចាប់ផ្តើមដំណើរការក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នៅពេលដែលលោក Biden ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃទី២០ ដល់ ២៤ ខែឧសភា មុនពេលលោកបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានបង្ហាញការគាំទ្រចំពោះការបង្កើតកិច្ចព្រមព្រៀងនេះ ហើយត្រូវបានគេរំពឹងថានឹងប្រកាសពីចេតនារបស់រដ្ឋាភិបាលរបស់លោកក្នុងការចូលរួមក្នុងក្របខ័ណ្ឌនេះ នៅពេលដែលលោកប្រធានាធិបតីរូបនេះជួបសន្ទនាជាមួយលោក Biden ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃសៅរ៍។

ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងដឹកនាំការចរចាអំពីសសរស្តម្ភនៃក្របខ័ណ្ឌដែលផ្តោតលើភាពធន់នៃចង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ការកាត់បន្ថយការបញ្ចេញកាបូន និងហេដ្ឋារចនាសម្ព័ន្ធ ការដកហូតពន្ធនិងការប្រឆាំងអំពើពុករលួយ។ ការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិកកំពុងដឹកនាំធ្វើការងារអំពីពាណិជ្ជកម្មដោយស្មើភាព និងដែលមានភាពធន់។ រដ្ឋាភិបាលអាមេរិកក៏បាននិងកំពុងធ្វើការដើម្បីរួមបញ្ចូលបញ្ហាឌីជីថលនានា ដូចជាការធ្វើមូលដ្ឋានីយកម្មទិន្នន័យនិងលំហូរទិន្នន័យឆ្លងដែនផងដែរ។

ក្របខ័ណ្ឌសេដ្ឋកិច្ច IPEF គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលរបស់លោក Biden ដើម្បីទប់ទល់នឹងភាពក្លៀវក្លារបស់ចិននៅក្នុងតំបន់អាស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលមានឈ្មោះថា ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Raimondo ដែលបានថ្លែងកាលពីថ្ងៃអង្គារថា៖ «យើងពិតជាមានការសាទរយ៉ាងខ្លាំងអំពីរឿងនេះ។ ខ្ញុំបានចំណាយពេលច្រើនក្នុងការនិយាយជាមួយសមភាគីរបស់យើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ហើយពួកគេចង់ឱ្យសហរដ្ឋអាមេរិកមានវត្តមានកាន់តែខ្លាំង និងមានយុទ្ធសាស្ត្រសេដ្ឋកិច្ចវិជ្ជមាន»

លោកស្រី Raimondo បានប្រកាសពីផែនការបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចនេះកាលពីខែវិច្ឆិកា បន្ទាប់ពីជួបពិភាក្សាជាមួយអូស្ត្រាលី ណូវែលសេឡង់ សិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន៕