(បាងកក)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃកំពុងពិចារណាលើសំណើរបស់មន្ត្រីរដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធគយលើប្រេងម៉ាស៊ូតចំនួន ៥បាតក្នុងមួយលីត្រ នៅពេលដែលការកាត់បន្ថយពន្ធដែលកំពុងអនុវត្តបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី២០ ខែឧសភា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុថៃដែលសុំមិនបញ្ចេញឈ្មោះថា គោលដៅកាត់បន្ថយពន្ធនេះគឺដើម្បីទប់ទល់នឹងកំណើនអតិផរណា។

ក្រសួងហិរញ្ញវត្ថុថៃជឿថា សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងបន្តទៅមុខទៀត ដោយបន្តធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើង។ ប្រភពដដែលបានឱ្យដឹងថា ខ្លួនមើលឃើញថាការខាតបង់ប្រាក់ចំណូលពីការទម្លាក់ពន្ធគយនេះមានតម្លៃក្នុងការលះបង់ ប្រសិនបើវាអាចជួយសម្រួលដល់ការចំណាយលើការរស់នៅរបស់សាធារណៈជន ដោយសារអតិផរណាដែលកើនឡើងនាពេលបច្ចុប្បន្នគឺជាបញ្ហាសំខាន់បំផុត។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុថៃកាលពីខែមុនបានព្យាករថា អតិផរណារួម (headline inflation) នៅឆ្នាំនេះនឹងកើនឡើងដល់ ៥% ដែលខ្ពស់ជាងឆ្ងាយធៀបនឹងអត្រា ១,៩% ដែលការិយាល័យនេះបានព្យាករកាលពីខែមករា។

កន្លងមក រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយពន្ធអាករសម្រាប់ប្រេងម៉ាស៊ូតចំនួន ៣បាតក្នុងមួយលីត្រពីកម្រិតពន្ធសរុបចំនួន ៥,៩៩បាតក្នុងមួយលីត្រដែលអនុវត្តចាប់ពីថ្ងៃទី១៨ ខែកុម្ភៈដល់ថ្ងៃទី២០ ខែឧសភា ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណាលើវិស័យសាធារណៈ និងឯកជន។

ការកាត់បន្ថយពន្ធគយនេះបានធ្វើឱ្យនាយកដ្ឋានគយខាតបង់សរុបប្រហែល ១៧,១ប៊ីលានបាត (ប្រហែល ៤៨៨លានដុល្លារ)។ រាល់ការកាត់បន្ថយពន្ធគយលើប្រេងម៉ាស៊ូត ១បាតក្នុងមួយលីត្រ ត្រូវបានប៉ាន់ប្រមាណថានឹងធ្វើឱ្យរដ្ឋាភិបាលថៃខាតបង់ប្រហែល ១,៩ពាន់លានបាតក្នុងមួយខែ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងកន្លងមកថា លោកមានទំនុកចិត្តថា រដ្ឋាភិបាលនឹងសម្រេចបានគោលដៅប្រាក់ចំណូលរបស់ខ្លួនចំនួន ២,៤ទ្រីលានបាតក្នុងឆ្នាំសារពើពន្ធ២០២២។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕