(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបាននិយ័តករមូលបត្រកម្ពុជាអនុម័តជាផ្លូវការក្នុងការប្រគល់នូវវិញ្ញាបនបត្រ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
នេះគឺជាលើកដំបូងហើយ ដែលនិយ័តករមូលបត្រកម្ពុជា អនុម័តផ្តល់វិញ្ញាបនបត្រនេះ ដើម្បីឱ្យធនាគារអេស៊ីលីដាដើរតួនាទីកាន់តែសកម្មជាងមុន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនធំៗនៅក្រៅប្រទេសឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់ទទួលវិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក)កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
នៅក្នុងឆ្នាំ២០២២នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន «វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ» ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
លោកបន្ថែមថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារ អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជូនវិនិយោគិន និងសាធារណជន។ មុខងារចម្បងៗនៃសេវាកម្មនេះ រួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។
លោកបន្តថា «យើងសង្កេតឃើញថា វិស័យមូលបត្រនៅកម្ពុជាបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាចលករមួយដ៏មានសារៈសំខាន់នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្តល់នូវសេវាកម្មនេះ។ នៅប្រទេសកម្ពុជារបស់យើងបើមានភ្នាក់ងាររក្សាសុវត្ថិភាពវិស័យមូលបត្រ គឺមានគ្រប់ធាតុទាំងអស់ដែលអាចឱ្យវិនិយោគគិនបរទេសជាស្ថាប័នអាចវិនិយោគបាន ព្រោះគាត់ត្រូវការភ្នាក់ងារនេះ»។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាអ្នកថែរក្សានូវមូលបត្រ ទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ ។ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺជាសេវាសំខាន់មួយដែលវិនិយោគិនបរទេសធំៗ ដែលចង់វិនិយោគក្នុងវិស័យមូលបត្រ កំពុងត្រូវការ ដើម្បីឱ្យភ្នាក់ងារនេះធ្វើការងារមួយចំនួននៅក្នុងវិស័យមូលបត្រជំនួសឱ្យពួកគេ។
លោកឱ្យបានឱ្យដឹងថា សម្រាប់លក្ខខណ្ឌដែលទទួលបានវិញ្ញាបនបត្រនេះ គឺត្រូវតែជាស្ថាប័នធនាគារប៉ុណ្ណោះ ហើយលោកស្វាគមន៍ធនាគារផ្សេងៗទៀត មកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រនេះភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះ។
លោកបានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងទុកចិត្តទាំងស្រុងថា តាមរយៈការផ្តល់ការអនុម័តជូនធនាគារអេស៊ីលីដានូវវិញ្ញាបនបត្រភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ នឹងជំរុញនូវភាពទាក់ទាញវិនិយោគិនធំៗដែលគាត់ចាប់អារម្មណ៍ចង់សាកល្បងធ្វើពិពិធកម្មការនិយោគមួយចំណែកមកប្រទេសកម្ពុជា។ វិនិយោគិនជប៉ុន គឺជាអ្នកដែលត្រូវការភ្នាក់ងារនេះ ព្រោះវិនិយោគិនជប៉ុនតែងតែសួរថា កម្ពុជាមានសេវាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រហើយឬនៅ? បើមានគាត់នឹងចាប់អារម្មណ៍ច្រើនទាក់ទងនឹងវិស័យមូលបត្រ ជាពិសេសមូលបត្របំណុល»។
លោកបណ្ឌិត អ៉ិន ចាន់នី មានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម៕