(ភ្នំពេញ)៖ សាធារណរដ្ឋក្រូអាស៊ីបានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ វិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា
បំណងនេះត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា លោក Ivan Velimir Starčević ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោក Ivan Velimir Starčević ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិន ក្រូអាស៊ី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្មកែច្នៃ វិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងសម្របសម្រួលដល់ពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរទាំងអស់ ដែលមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា។
លោកលើកឡើងទៀតថា «រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ»។
ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានបង្ហាញការការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ក្រូអាស៊ី ដែលបច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនេះឡើយ។
តាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាកម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី មានត្រឹមតែ ៣លានដុល្លារអាម៉េរិក ប៉ុណ្ណោះ៕