(ភ្នំពេញ)៖ រយៈជិត៤ខែហើយ ពោលគឺចាប់ពីខែមករា ឆ្នាំ២០២២មក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាន និងកំពុងទាញប្រយោជន៍ជាបណ្តើរៗហើយពីកិច្ចព្រមទាំង២នេះ ដោយអ្នកនាំចេញរបស់កម្ពុជា កំពុងប្រើប្រាស់យ៉ាងពេញទំហឹង ពីកិច្ចព្រមព្រៀងទាំងពីរ ខណៈ៣ខែដើមឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាក្រោមទម្រង់កិច្ចព្រមព្រៀង RCEP មានជាង ២ពាន់លានដុល្លារ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមេសានេះថា ពីខែមករា ដល់មីនា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងប្រទេសជាសមាជិក RCEPទាំងអស់ ដែលកម្ពុជាបានធ្វើការនាំចេញទំនិញនិងនាំចូល តាមគ្រប់ប្រព័ន្ធអនុគ្រោះទាំងអស់ រួមទាំងកិច្ចព្រមព្រៀង RCEP និង CCFTA ផងដែរ មានចំនួន៨ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន១ ៩៥៦ លានដុល្លារអាមេរិក និងនាំចូលមកវិញចំនួន ៦១០៦លានដុល្លារ។

ចំណែកទំហំនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្នុងរយៈពេល៣ខែនេះ មានតម្លៃ ២ ២០៨លានដុល្លារ កើនឡើង៣០% ក្នុងនោះកម្ពុជានាំចេញទៅចិនចំនួន ៣៣៤លានដុល្លារ និងចិននាំចូលមកកម្ពុជាវិញ ចំនួន១ ៨៧៤លានដុល្លារ។

តែយ៉ាងណាលោកបញ្ជាក់ថា បើទោះបីជាការនាំចេញទៅប្រទេសចិនមានការធ្លាក់ចុះបន្តិច តែមិនមែនសញ្ញាមួយនៃការធ្លាក់ចុះនោះទេ ហើយវានឹងកើនឡើងវិញ នៅពេលរដូវប្រមូលផលរបស់កសិករនាពេលខាងមុខ។

ផលិតផលវាយណភ័ណ្ឌ ដូចជាសំលៀកបំពាក់ ស្បែកជើង កាបូប និងទំនិញកសិផល បានតួនាទីយ៉ាងសំខាន់ ក្នុងការនាំចេញតាមរយៈកិច្ចព្រមព្រៀងទាំងពីរនេះ ដែលបានចំណែកក្នុងការបង្កើនចំណូលសេដ្ឋកិច្ចជាតិ។

លោកបញ្ជាក់ថា «ជារួមយើងសង្កេតឃើញថា យើងបានទទួលអត្ថប្រយោជន៍ទៅតាមអ្វីដែលយើងរំពឹងទុក ហើយក៏ជាការឆ្លុះបញ្ចាំងមួយនៃភាពត្រឹមត្រូវ ដែលការសិក្សានានា បានបង្ហាញប្រាប់យើងថា កម្ពុជាយើងនឹងទទួលបានផលច្រើន ប៉ុន្តែនៅពេលចំណុចចាប់ផ្តើមនៃការអនុវត្តនេះ អ្នកនាំចេញភាគច្រើន គាត់នៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះចាស់ៗ។ ទាំងប្រព័ន្ធ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) គឺជាប្រព័ន្ធមួយដែលបំពេញបន្ថែម និងជាប្រព័ន្ធមួយដែលបង្ការទុក សម្រាប់ការផ្តល់អត្ថប្រយោជន៍ នៅពេលដែលយើងឈានចេញពីឋានៈជាប្រទេសក្រីក្រ ហើយប្រព័ន្ធអនុគ្រោះផ្សេងៗត្រូវបានផុតរលត់។ អត្ថប្រយោជន៍នេះនឹងស្ថិតនៅវែងឆ្ងាយ ក្រោមទម្រង់ជាទូទៅសម្រាប់ប្រទេសយើង ហើយបច្ចុប្បន្ននេះ ការប្រើប្រាស់អត្ថប្រយោជន៍នេះ កំពុងឈានទៅបណ្តើរៗ ធ្វើឱ្យអ្នកនាំចេញរបស់យើងមានការជ្រួតជ្រាប ពីអ្វីដែលជាផលចំណេញ និងប្រើប្រាស់ឱ្យបានពេញទំហឹង នូវអត្ថប្រយោជន៍កិច្ចព្រមព្រៀងទាំងពីរនេះ»

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានក្រុមហ៊ុន ឬអ្នកនាំចេញទំនិញជាច្រើន បានមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ RCEP និង CCFTA ដើម្បីនាំចេញក្រោមកិច្ចព្រមព្រៀង RCEP និងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន។

ក្រុមហ៊ុនដែលយល់ដឹងច្រើន ពីការនាំចេញដោយទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងពីរនេះ ភាគច្រើនជាក្រុមហ៊ុននាំចេញផលិតផលសម្លៀកបំពាក់កាត់ដេរ ក្រុមហ៊ុនដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា អ្នកនាំចេញបន្លែផ្លែឈើ ទៅកាន់ប្រទេសចិន និងកូរ៉េជាដើម។ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនទៀត បានមកប្រឹក្សាយោបល់ ដើម្បីអាចនាំចេញដោយទទួលអត្ថប្រយោជន៍ ពីកិច្ចព្រមទាំងនេះ។

RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីធំជាងគេបង្អស់ មានសមាជិកចំនួន១៥ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ ប្រទេស និងប្រទេសជាដៃគូពាណិជ្ជកម្មអាស៊ានចំនួន៥ រួមមានអូស្រ្តាលី នូវែលសេឡង់ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថាចំណូលពន្ធនឹងកើនឡើងពី ២ទៅ៣.៩%ការបង្កើតចំនួនការងារថ្មីនឹងកើនឡើងពី៣.២ ទៅ៦.២%, ការនាំចេញទំនិញកម្មន្តសាល និងសេវាកម្មកើនឡើងពី៩.៤% ទៅ១៨% ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ពី២ទៅ៣.៨%។

ចំណែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមានក្នុងថ្ងៃជាមួយគ្នានោះ ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០% ៕